ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន កងទ័ពត្រូវតែស្មោះត្រង់ ដាច់ខាត ចំពោះបុព្វហេតុជាតិ​ និងប្រជាជន  និងត្រូវគោរពយ៉ាងមុឺងម៉ាត់ តាមបទបញ្ជារបស់មេបញ្ជាការ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់!

កំពង់ធំ: ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានមានប្រសាសន៍ថា កងទ័ពត្រូវតែស្មោះត្រង់ ដាច់ខាត ចំពោះបុព្វហេតុជាតិ និងប្រជាជន នឹងត្រូវគោរពយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់មេបញ្ជាការ តាមឋានានុក្រមប្រកប ដោយស្មារតី ទទួល ខុសត្រូវខ្ពស់ តាមភារកិច្ចដែលថ្នាក់ លើបានប្រគល់ជូន ។ ប្រសាសន៍នេះត្រូវបានលើកឡើង នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ និង ផ្សព្វផ្សាយបទបញ្ជា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរៈភូមិន្ទ ស្ដីពីវិធានការការពារទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនកងកម្លាំង អន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចបង្ក្រាប បទល្មើសនេសាទខុសច្បាប់នៅកោះក្របី  បឹងទន្លេសាប ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

លោកវរៈសេនីយ៍ទោ សេង សំអុល នាយសេនាធិការរង និងជាមេបញ្ជាការកងកម្លាំងអន្តរាគមន៍ និងលោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍បញ្ជាក់ថា ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសនេសាទ ខុសច្បាប់អស់ រយៈពេលជិតមួយខែកន្លងទៅនេះ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានសហការជាមួយ កងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំង អាជ្ញាធរដែនដី នៅឃុំផាត់សណ្តាយ ក្នុងការបំពេញភារកិច្ច ទទួលបានលទ្ធផលជោគជ័យ តាមបទបញ្ជារបស់ថ្នាក់លើបានប្រគល់ជូន ដោយបានកម្ទេចរបាំងសាច់អួនខុសច្បាប់ធ្ងន់ធ្ងរជាង ២៥,០០០ម៉ែត្រ សហការចាប់ឃាត់ខ្លួនជនល្មើសនេសាទ ឆក់ត្រជាក់ បានចំនួនពីរនាក់ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ធនធានមច្ឆ:ជាតិ ដោយសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែង នូវការកោតសរសើរចំពោះ កងកម្លាំងអន្តរាគមន៍ទាំងអស់ ដែលបានសហការល្អជាមួយកងកម្លាំង ចម្រុះការពារទប់ស្កាត់និងបង្ក្រាបទល្មើសធនធាន ធម្មជាតិរបស់ខេត្តកំពង់ធំ ដែលប្រចាំការនៅឃុំផាត់កណ្ដាយ ព្រមទាំងអាជ្ញាធរដែនដី ក្នុងការបំពេញភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរៈភូមិន្ទ រួមជាមួយឯកឧត្តមអភិបាល ខេត្តកំពង់ធំបានប្រគល់ជូន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្សពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ ស្ដីពីការការអនុវត្តន៍នូវវិធានការ ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសបទល្មើសនេសាទ ដែលកន្លងមកមានការកើតឡើង យ៉ាងអនាធិបតេយ្យនៅក្នុងតំបន់បឹងទន្លេសាបឱ្យមានប្រសិទ្ធភាព មិនឱ្យមានការកើតឡើងជាថ្មីនៅបទល្មើសនេសាទខុសច្បាប់នេះតទៅទៀត  ដើម្បីរក្សាធនធានមច្ឆ:ជាតិ សម្រាប់កូនចៅរបស់យើងនៅជំនាន់ក្រោយៗទៀត។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោមបស៊ុន បានប្រគល់ជូន ប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់ក្នុងការធ្វើសកម្មភាព និងស្បៀងអាហារគ្រឿង ឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយ របស់សម្ដេចមហាបបរអធិបតី ហ៊ុនមម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់កងកម្លាំងអន្តរាគមន៍ ដើម្បីធានាក្នុងការបន្តធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយគ្មានការដកថយឡើយ៕
ដោយសំនៀង

To Top