ភ្នំពេញ ៖ លោក Wu Qian នាយកការិយាល័យព័ត៌មាន និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិចិន បាន ឆ្លើយតបចំពោះទំនាក់ទំនងចិន-កម្ពុជា អំពីទំនាក់ទំនងយោធាប្រទេសទាំងពីរ គឺមានរឹងមាំមិនអាចបំបែកបាន ហើយចំណងភាតរភាព ជាបងប្អូនរឹងមាំដូចថ្ម ។ នេះបើតាមការផ្សាយ របស់គណៈរដ្ឋមន្រ្តីកម្ពុជា។
ការលើកឡើងរបស់លោក Wu Qian បានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ក្រោយមានប្រព័ន្ធផ្សព្វផ្សាយ តាមបណ្តាញសង្គមមួយ ចំនួនបាននិយាយបង្ខូចបង្អាប់ ទំនាក់ទំនងចិននិងកម្ពុជា។
ករណីនេះ លោក Wu Qian ឆ្លើយថា ការលើកឡើង ដែលពាក់ព័ន្ធអំពីទំនាក់ ទំនងមិនល្អ រវាងកម្ពុជា-ចិន គឺជាការប្រឌិត ទាំងស្រុង ជាពាក្យចចាមអារ៉ាម និងការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរវាងប្រទេសទាំងពីរ។ លោកថា “ចិននិងកម្ពុជាជាមិត្តដែកថែប ដែលចេះចែករំលែកសុខទុក្ខ និងជួយគ្នាទៅវិញទៅមក ។ ទំនាក់ទំនង រវាងកងទ័ពប្រទេសទាំងពីរ រឹងមាំមិនអាចបំបែកបាន ហើយចំណងភាតរភាព បងប្អូនរឹងមាំដូចថ្ម” ។

អ្នកនាំពាក្យក្រសួងការពារចិនបន្តថា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្រ របស់មេដឹកនាំ នៃប្រទេសទាំងពីរ យោធា នៃប្រទេសទាំងពីរ បានរក្សាទំនាក់ទំនង កម្រិតខ្ពស់យ៉ាងជិតស្និទ្ធ ទទួលបានលទ្ធផលជាផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងលើគ្រប់វិស័យ ។ ភាគីទាំងពីរបានរៀបចំសមយុទ្ធរួម “នាគមាស” ចំនួនប្រាំមួយលើក និងលំហាត់សមយុទ្ធ “ទេវតាសន្តិភាព” ប្រកបដោយជោគជ័យ ព្រមទាំងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យនានា ដូចជាសាលាយោធា ការងារដោះមីន និងព័ត៌មានជាដើម។ ថ្មីៗនេះ ក្រសួងការពារជាតិកម្ពុជា បានផ្តល់មេដាយ ជូនដល់សាលាយោធា ដែលផ្តល់ជំនួយពីចិនដល់កម្ពុជា និងក្រុមអ្នកជំនាញ វេជ្ជសាស្រ្តយោធា ដែលបានផ្តល់ជំនួយដោយចិននៅកម្ពុជា ។
បន្ថែមពីលើនេះទៀត លោក Wu Qian ថា ជំហានបន្ទាប់ យោធាចិន នឹងធ្វើការជាមួយភាគីកម្ពុជា ដើម្បីអនុវត្តការឯកភាព ដ៏សំខាន់ដែលមេដឹកនាំ នៃប្រទេសទាំងពីរបានសម្រេច ហើយជំរុញទំនាក់ទំនង រវាងយោធាទាំងពីរ ឱ្យឈានដល់កម្រិតថ្មី និងសម្រេចបាននូវការអភិវឌ្ឍថ្មីបន្ថែមទៀត។
លោកសង្កត់ធ្ងន់ថា ក្នុងនោះការទុកចិត្ត ប្រៀបដូចជា ដើមឈើ ដែលចាក់ឫសក្នុងដីដ៏រឹងមាំ ហើយមានជួយគ្នាទៅវិញ ទៅមក។ ទំនាក់ទំនងយោធារវាងចិននិងកម្ពុជា បានឆ្លងកាត់ ការសាកល្បង នៃការចលាចលអន្តរជាតិ គ្រប់ទិដ្ឋភាព រាល់ការប៉ុនប៉ងបង្កាច់បង្ខូច នឹងត្រូវបញ្ចប់ដោយបរាជ័យ ៕

