ព័ត៌មានជាតិ

អ្នកជំនាញ មានគម្រោងសិក្សាស៊ីជម្រៅ លើសំណាកផូស៊ីល រកឃើញក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកំពត និងកោះកុង

ភ្នំពេញ ៖ លោក សេង សោត អគ្គនាយករងនៃ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ដឹកនាំកិច្ចពិភាក្សាជាមួយអ្នកជំនាញ និងអ្នកស្រាវជ្រាវពាក់ព័ន្ធ និងដៃគូសហការមួយចំនួនដើម្បីកំណត់អត្តសញ្ញាណផូស៊ីល និងធ្វើស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ក្នុងការសិក្សានិងប្រមូលសំណាកគំរូ ក្នុង ខេត្តកោះកុង និងខេត្តកំពត។

ក្រសួងបរិស្ថាន បានដាក់ចេញនូវផែនការយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ -២០២៨ គឺ ភាពស្អាត ភាពបៃតង និងចីរភាពក្នុងនោះក៍និយាយពីការសិក្សាស្រាវជ្រាវផូស៉ីលក្នុងព្រះរាជណាចក្រកម្ពុជាផងដែរ។

វេទិកានាពេលនេះ បានរៀបចំឡើងរៀបចំដោយនាយកដ្ឋានតំបន់បេតិកភណ្ឌ ធម្មជាតិ ដែលបានទទួលការគាំទ្រសម្រាប់ការស្រាវជ្រាវ ស្ដីពី ការកំណត់អត្តសញ្ញាណផូស៊ីល និង ស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ពីអង្គការយូណេស្កូ តាមរយះ គណៈកម្មការយូណេស្កូជាតិកម្ពុជាក្នុងគោលបំណង ១)-ផ្សព្វផ្សាយគំហើញផូស៊ីលថ្មីៗ ២)-បង្កើនការផ្សព្វផ្សាយធនធានធម្មជាតិ(ផូស៊ីល) ៣)-ជំរុញការចូលរួមពីអ្នកពាក់ព័ន្ធ និង៤)-បង្កើនសមត្ថភាពអ្នកសិក្សាស្រាវជ្រាវ។

នាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានចាប់ផ្តើមសិក្សាស្រាវជ្រាវផូស៊ីល នៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នបានរកឃើញស្ថានីយផូស៊ីល ចំនួន៦៧ស្ថានីយ រួមមាន៖ ផូស៊ីលសត្វសមុទ្រចំនួន៤៦ ផូស៊ីលសត្វទឹកសាបចំនួន២ ផូស៊ីលឈើចំនួន១៤ ផូស៊ីលស្លឹកឈើចំនួន១ ផូស៊ីលឆ្អឹងដាយណូស័រចំនួន១(រកឃើញដំបូងនៅកម្ពុជា) និងផូស៊ីលដានជើងសត្វចំនួន៣ ដែលផូស៊ីលទាំងអស់មានអាយុកាលនៅក្នុងចន្លោះពី(៣៥៩-២លានឆ្នាំ) ស្ថិតនៅក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង បាត់ដំបង ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តក្រចេះ ខេត្តប៉ៃលិន និងខេត្តកំពត៕

To Top