កំពង់ធំ: នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានជួបសំណេះសំណាល និងអប់រំណែនាំប្រជានេសាទ ប្រមាណជាង ១០គ្រួសារ ដែលកំពុងរស់នៅបណ្ដោះអាសន្ន ដើម្បីប្រកបរបរនេសាទ នៅចំណុចពាមសែន ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីឲ្យគាត់បានយល់ជ្រួត ជ្រាបអំពីផលប៉ះពាល់ធ្ងន់ធ្ងរក្នុងការប្រើប្រាស់ឧបករណ៍ និងការធ្វេីសកម្មភាពនេសាទខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ធនធានមច្ឆជាតិ របស់យើងទាំងអស់គ្នា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណជាង ១០គ្រួសារដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅលើចំណុចពាមសែន ក្នុងតំបន់ឡូត៍អភិរក្ស អតីតឡូត័លេខ ២ស្ទួន ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយនេះ គឺជាប្រជាពលរដ្ឋចំណាកស្រុកមកពីទឹកដីខេត្តកំពង់ឆ្នាំង ហើយមកស្នាក់នៅបណ្ដោះអាសន្ននៅទីនេះ ដើម្បីប្រកបរបរនេសាទនៅក្នុងរដូវប្រាំង ។ ពេលរដូវវស្សាទឹកឡើងលិចទួលពាមសែននេះ ពួកគាត់នឹងវិលត្រឡប់ទៅមូលដ្ឋានភូមិ ឃុំ របស់ពួកគាត់នៅខេត្តកំពង់ឆ្នាំងវិញ ។

នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក៏បានណែនាំដល់កម្លាំងចម្រុះទាំងអស់ ដែលមានសមត្ថកិច្ចជំនាញជលផល និងអាជ្ញាធរដែនដី សូមមេត្តាត្រួតពិនិត្យឡើងវិញ អំពីការស្នាក់នៅរបស់ប្រជាពលរដ្ឋទាំងជាង ១០គ្រួសារ នៅក្នុងតំបន់ឡូត៍អភិរក្ស ដែលត្រូវរក្សាពូជត្រី សម្រាប់ផលប្រយោជន៍ របស់ប្រជាជនកម្ពុជា ទាំងមូល និងសូមមេត្តាគ្រប់គ្រង ពួកគាត់ឱ្យបានល្អ កុំឲ្យពួកគាត់លួចធ្វើការនេសាទ នៅក្នុងតំបន់ឡូត៍ អភិរក្សពូជត្រីនេះ ជាដាច់ខាត ៕ ដោយសំនៀង


