ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសថា ដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី នៅតែបន្តដដែល ដោយគ្មានបិទចោលនោះទេ គឺលុបចោលតែកម្មវិធីសិក្សាទំនើបនៅតាមបណ្តាសាលារដ្ឋមួយចំនួនប៉ុណ្ណោះ ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំនាថ្ងៃ២៨ កុម្ភៈបានឲ្យដឹងថា ការចេញមកបញ្ជាក់នេះ ដោយសារក្នុងពេលថ្មីៗនេះមានការយល់ច្រឡំថា ក្រសួងនឹងលុបចោលកម្មវិធីសាលារៀនជំនាន់ថ្មី ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងសន្និបាតបិទក្រសួងអប់រំ កាលពីថ្ងៃ២៦ កុម្ភៈបានប្រកាសបិទចោលកម្មវិធីសិក្សាទំនើប ព្រោះមានស្តង់ដារ ដែលនាំឲ្យមានការរើសអើងគ្នា ។ ទន្ទឹមនឹងមិនបិទចោល ក្រសួងក៏បាននឹង បន្ថែមកម្មវិធីថ្មីៗទៀត ទៅលើសាលាជំនាន់ថ្មីទៀតផងដែរ ។ កុំឲ្យមានការយល់ច្រឡំក្រសួងបញ្ជាក់ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួងនឹង នៅតែបន្តអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីនេះតទៅទៀត ហើយថែមទាំងបន្តវិនិយោគ បន្ថែមទៀត ដើម្បីឱ្យដំណើរការ ចំនួន១៤ កន្លែង នៅទូទាំងប្រទេស ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ។

ក្រសួងបន្តថា សាលារៀនជំនាន់ថ្មី គឺជាគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រសួងអប់រំដែលផ្តល់ជាគំរូអភិបាលកិច្ចល្អ ស្តង់ដាវិជ្ជាជីវៈខ្ពស់ និង ផ្តល់ការអប់រំមាន គុណភាពខ្ពស់។ ក្នុងនោះសាលារៀនជំនាន់ថ្មីផ្តោតលើការអនុវត្តកម្មវិធីសិក្សាពេញលេញ ផ្តល់ឱកាសសិក្សា ពេញមួយថ្ងៃ អនុវត្តវិធីសាស្ត្របង្រៀនទំនើបតាមបែបរិះរក ការដោះស្រាយបញ្ហា និង ការសិក្សាតាមបែបគម្រោង កម្មវិធីបច្ចេកវិទ្យា ដែលបណ្តុះទាំងវិជ្ជា សម្បទា បំណិនសតវត្សទី២១ ជាពិសេសបំណិនសហការ ត្រិះរិះពិចារណា ទំនាក់ទំនង លើកកម្ពស់ស្វ័យសិក្សា ការស្រាវជ្រាវ របស់សិស្ស និងការរៀបចំពិព័រណ៌ស្នាដៃសិស្ស រួមទាំងការអប់រំសីលធម៌ និងចរិយាធម៌ ដែលឆ្លើយតបទៅនឹងយុគសម័យ បច្ចេកវិទ្យាឌីជីថល ។
សាលារៀនជំនាន់ថ្មី បានបំពាក់សម្ភារៈ និងបរិក្ខាររៀន និងបង្រៀនទំនើប និងរៀបចំបណ្ណាល័យសតវត្ស ទី២១ អាហារដ្ឋាន បន្ទប់ពិសោធន៍ ដែលអាចឱ្យ គ្រូបង្រៀន និងសិស្សប្រើប្រាស់បច្ចេកវិទ្យា និងភាសាបរទេស ។ ក្រសួងនឹងពង្រីកកម្មវិធីសាលារៀនជំនាន់ថ្មីបន្ថែមទៀតតាមលទ្ធភាពថវិកា ដើម្បីផ្តល់ឱកាសដល់ សិស្សក្នុងការទទួលការអប់រំ ប្រកបដោយគុណភាពខ្ពស់ សមធម៌ និងគ្មានការរើសអើង។
ជាមួយគ្នានេះ ក្រសួងអប់រំគូសបញ្ជាក់យ៉ាងច្បាស់ៗថា នឹង លុបចោលនូវការអនុវត្ត “កម្មវិធីសិក្សាទំនើប» ដែលបានអនុវត្តដោយក្រុមហ៊ុនឯកជន នៅតាមសាលាបឋមសិក្សា ចំនួន១៨ មានសិស្ស ចំនួន៤ ៣០០ នាក់ កំពុងសិក្សារៀនសូត្រ ក្នុងរូបភាពជាកិច្ចសហការ រវាងផ្នែកឯកជន ជាមួយនឹង សាលារៀនផ្ទាល់ និង មិនស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រសួង ។ កម្មវិធីនេះអនុវត្តខុសពីនីតិវិធី នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងបង្កើត ឱ្យមានការរើសអើង រវាងសិស្ស ដែលកំពុងសិក្សាក្នុងថ្នាក់តែមួយ ដែលមានលទ្ធភាពបង់ប្រាក់ និងសិស្ស ដែលគ្មានលទ្ធភាព បង់ប្រាក់ ព្រមទាំងបង្កើតឱ្យមានស្តង់ដាពីរ ក្នុងសាលារៀនតែមួយ។
ដើម្បីបន្តផ្តល់ការអប់រំ ប្រកបដោយគុណភាព នៅតាមសាលាបឋមសិក្សាខាងលើ ក្រសួងកំពុងស្វែងរក ថវិកា ដើម្បីទទួលយក “កម្មវិធីសិក្សាទំនើប និងផ្តល់ឱកាសដល់សិស្ស ១០០ ភាគរយ ក្នុងសាលាសិក្សារៀនសូត្រ តែម្តង” ៕
