ព័ត៌មានជាតិ

ពុក ម៉ែ របស់ពលករខ្មែរ នៅកូរ៉េប្រាប់កូនៗ ឱ្យរក្សាភាពស្ងប់ស្ងាត់ ខិតខំធ្វើការសន្សំថវិកា ស្រូបយកចំណេះជំនាញ កុំចាញ់ឧបាយកល របស់ក្រុមប្រឆាំង ឱ្យចូលរួមបាតុកម្ម

ភ្នំពេញ ៖ ពុក ម៉ែ របស់របស់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានបង្ហាញពីក្តីព្រួយបារម្ភជាខ្លាំង នៅពេលទទួលព័ត៌មាន អំពីសកម្មភាពកៀរគរ ពលករខ្មែរឱ្យចូលរួមធ្វើបាតុកម្ម ម្តងហើយម្តងទៀត នៅលើទឹកដីបរទេស ដែលកូនៗ របស់ខ្លួន កំពុងបម្រើការងារ ។ អាណាព្យាបាលរបស់ពលករខ្មែរ បានផ្តែផ្តាំទៅកូនក្មួយទាំងអស់ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ មេត្តារក្សាភាពស្ងប់ស្ងាត់ ត្រូវខិតខំធ្វើការសន្សំថវិកា ស្រូបយកចំណេះជំនាញ ដែលអាចជួយខ្លួនឯង និង ក្រុមគ្រួសារពេលត្រលប់មកប្រទេស កំណើតរបស់ខ្លួនវិញ។

អ្នកមីង សុខ ថា ជាអាណាព្យាបាល របស់ក្រុមគ្រួសារពលករ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ក្នុងនាមជាម្តាយឳពុក កំពុងរង់ចាំនៅ ស្រុកកំណើតពិត ជាមានការព្រួយបារម្ភណាស់ ចំពោះសុវត្ថិភាពរបស់កូន ដែលកំពុងធ្វើការ នៅសាធារណកូរ៉េ នៅពេលឃើញ ព័ត៌មាន អំពីការបំផុសបំផុល ឱ្យមានការធ្វើបាតុកម្មនានា នៅលើទឹកដីបរទេស បែបនេះ ។ ក្រៅពីការបារម្ភចំពោះសុវត្ថិភាព របស់កូនដែលជាជន បរទេសធ្វើការនៅស្រុកគេនោះ គឺខ្លាចតែសកម្មភាពបាតុកម្មបង្ក ជាបញ្ហាអ្វីមួយប៉ះពាល់កន្លែងការងារ ដែលកូនកំពុងបម្រើការងារ ដែលធ្វើឱ្យម្ចាស់ក្រុមហ៊ុនមិនពេញចិត្ត តែម្តង ។

អ្នកមីងបានផ្តាំទៅកូនៗ ក្មួយៗថា ប្រទេសកម្ពុជាជាទឹកដីកំណើតរបស់ខ្លួន ការទៅធ្វើសកម្មភាពនៅលើទឹកដីបរទេសប្រឆាំងជាតិខ្លួនឯងបែបនេះ មិនសមនោះទេ វាធ្វើឱ្យបាត់បង់តម្លៃជាតិខ្លួនឯង ជាពិសេសនោះគឺបន្ទាបតម្លៃខ្លួនឯងអស់ហើយ។ ការស្រលាញ់ជាតិ មិនសំដៅលើការធ្វើបាតុកម្មនោះទេ ការចេះគិតគូរ ពិចារណា ដឹងខុសដឹងត្រូវ ទើបជាពលរដ្ឋល្អ។ សូមកូនៗកុំទៅចូលរួមធ្វើបាតុកម្មណាមួយឱ្យសោះ ពីព្រោះប្រសិនបើមានរឿងអ្វីកើតឡើង ខ្លួនជាពលករជាអ្នកទទួលខុសត្រូវ មិនមែនអ្នកដឹកនាំបាតុកម្ម ដែលកំពុងរស់នៅប្រទេសលោកខាងលិចនោះទេ។

ដោយឡែកលោកស្រី ឈឿន យន់ ជាអាណាព្យាបាល របស់ក្រុមគ្រួសារពលករ នៅសាធារណកូរ៉េម្នាក់ទៀត បានបង្ហាញការមិនពេញចិត្តទាល់តែសោះ លើសកម្មភាពរបស់ក្រុមអ្នកនយោបាយ ជ្រុលនិយម ដែលតែង តែយកពលករខ្មែរ ធ្វើជាឈ្នាន់នយោបាយ កៀរគរធ្វើបាតុកម្មប្រឆាំងជាតិខ្លួនឯង នៅលើទឹកដីបរទេស ។ អ្នកមីងថា បាតុកម្មកន្លងមកមានច្រើន តែដូចជាគ្មានអ្វីដុំកំភួន ក្រៅតែពីបង្កចលាចលនៅលើទឹកដីបរទេស។ លោកស្រីបន្ថែមថា ខ្លួនបានទូន្មានកូនៗ ជានិច្ចអំពីបញ្ហានេះ ដោយលើកទឹកចិត្តកូនឱ្យខិតខំធ្វើការ សន្សំថវិកា និងស្រូបយកចំណេះដឹងពីប្រទេសកូរ៉េ ត្រលប់មកទឹកដី កំណើតវិញ ។ ការបង្កចលាចលលើទឹកដីបរទេស មិនមែនជារឿងត្រឹមត្រូវនោះទេ ។ មួយឆ្នាំៗឃើញតែធ្វើបាតុកម្ម ក្រឡេកទៅមើលពលរដ្ឋប្រទេស ដ៏ទៃទៀតដែលគេកំពុងធ្វើការ នៅសាធារណរដ្ឋកូរ៉េដែរ តែគេស្ងប់ស្ងាត់ ថ្លៃថ្នូរណាស់ ។

ទន្ទឹមនឹងនេះ អាណាព្យាបាលរបស់ពលករ នៅប្រទេសកូរ៉េផ្តាំហើយផ្តាំទៀតទៅ កូនៗ ក្មួយៗ គ្រប់គ្នាដែលកំពុងធ្វើការ នៅប្រទេសកូរ៉េ សូមរក្សាភាពស្ងប់ស្ងាត់ បន្តធ្វើការជាធម្មតា កុំចាញ់ឧបាយកលតាមការញុះញង់ របស់ក្រុមអ្នកនយោបាយប្រឆាំង ពីព្រោះពួកគេបាន និងកំពុងបោកប្រាស់ កូនចៅហើយ។ បន្ទាប់ពីមានបាតុកម្មរួច ពួកទាំងនោះគេបានវិលត្រលប់ ទៅប្រទេសដែលពួកគេរស់នៅ មិនមែនប្រទេសកូរ៉េនោះទេ ដូច្នេះប្រសិនបើប៉ះពាល់ដល់កន្លែងធ្វើការ នោះអ្នកដែលរងផលប៉ះពាល់ គឺពលករ មិនមែនអ្នកកៀរគធ្វើបាតុកម្មនោះទេ។

គូរបញ្ជាក់ផងដែរថា ការលើកឡើងពីក្តីព្រួយបារម្ភ ពីអាណាព្យាបាល របស់ក្រុមគ្រួសារពលករខ្មែរបែបនេះ បន្ទាប់ពីមានការកៀរគរ ពលករខ្មែរ នៅសាធារណរដ្ឋកូរ៉េ សារជាថ្មីពីសំណាក់ ក្រុមអតីតអ្នក នយោបាយប្រឆាំង ដើម្បីចូលរួមបាតុកម្មប្រឆាំង ដំណោះស្រាយ របស់រដ្ឋាភិបាលលើករណីកោះគុត ជាមួយភាគីថៃ ។ នេះពុំមែនលើកទីមួយទេ ដែលអតីតក្រុម អ្នកនយោបាយប្រឆាំង ទាំងនេះបានកៀរគរ ពលរដ្ឋខ្មែរធ្វើបាតុកម្ម ក៏ប៉ុន្តែពុំមានពលករខ្មែរ ច្រើននោះទេ ចូលរួមសកម្មភាពរបស់ពួកគេ ពីព្រោះពលករបានយល់ឃើញថា ការធ្វើបាតុកម្មរបស់ក្រុមប្រឆាំង គឺគ្មានខ្លឹមសារ ដែលអាចដោះស្រាយបញ្ហាបានឡើយ៕

To Top