ព័ត៌មានជាតិ

កម្ពុជា បណ្តេញជនជាតិថៃ ១១៩នាក់ ចេញពីប្រទេស បន្ទាប់ពីលួចធ្វើការងារ និងស្នាក់នៅខុសច្បាប់

ភ្នំពេញ៖ ជនជាតិថៃ ចំនួន ១១៩នាក់ ស្រី ៥៨នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយបានលួចចូលធ្វើការងារ និងស្នាក់នៅខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិ បានបណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ ស្រី ៥៨នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយបានលួចចូលធ្វើការងារ និងស្នាក់នៅ ខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។

ជនជាតិថៃ ចំនួន ១១៩នាក់ ស្រី ៥៨នាក់ ត្រូវបានគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មេីស គ្រប់ប្រភេទ ឃាត់ខ្លួនកាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលចុះបង្ក្រាបនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ដែរថា ជនបរទេសខាងលើត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនដែលធ្វើដំណើចូលមកព្រះរាជាណាចក្រកម្ពុជា ដោយស្របច្បាប់ និងខុសច្បាប់ ក្នុងគោលបំណងរកការងារចំណូលខ្ពស់ ដោយសកម្មភាពទាំងនេះពាក់ព័ន្ធនឹងសកម្មភាពអនឡាញខុសច្បាប់ ដូចនេះសមត្ដកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចបរទេស ដើម្បីរៀបចំនីតិវីធីធ្វើការបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕

To Top