បរទេស៖ មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយការពារអាកប្បកិរិយារបស់លោកនៅសេតវិមាន ដោយនិយាយថា លោកមិនច្បាស់ថាតើ លោក “បានធ្វើរឿងអាក្រក់ដែរទេ” បន្ទាប់ពីមានការជជែកគ្នាដ៏តានតឹងជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង អនុប្រធានាធិបតីអាមេរិកលោក J.D. Vance ។ លោក ហ្សេលេនស្គី បានឆ្លើយតបទៅនឹងសំណួរមួយដោយ Bret Baier របស់សារព័ត៌មាន Fox News ថាតើលោកគួរតែសុំទោសចំពោះអ្វីដែល លោក ត្រាំ បានពិពណ៌នាថា ជាការមិនគោរពចំពោះប្រជាជនអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី ត្រូវបានសួរថាតើគាត់មានអារម្មណ៍ថាគាត់មិនគោរពលោក តហរាំ , លោក Vance និងប្រជាជនអាមេរិក។ លោក ហ្សេលេនស្គី បានឆ្លើយតបដោយបង្ហាញការដឹងគុណជាដំបូងចំពោះជំនួយទាំងអស់ដែលសហរដ្ឋអាមេរិកបានផ្តល់ ប៉ុន្តែបានទទូចថា “ការសន្ទនាដ៏លំបាក” គឺចាំបាច់រវាង “ដៃគូយុទ្ធសាស្ត្រ” ។
លោកបាននិយាយថា “ហើយសូម្បីតែនៅក្នុងការសន្ទនាដ៏តឹងតែងបែបនេះ ខ្ញុំគិតថាយើងត្រូវមានភាពស្មោះត្រង់ ហើយយើងត្រូវតែយល់ចិត្តគ្នាដោយផ្ទាល់” ។
នៅពេលដែលលោក Baier បានសង្កត់គាត់ម្តងទៀតថាតើគាត់ “ជំពាក់ការសុំទោស” ពេលនោះ លោក ហ្សេលេនស្គី បានបដិសេធថា គាត់បានធ្វើអ្វីខុស។
លោក ហ្សេលេនស្គី បាននិយាយថា “ទេ ខ្ញុំគោរពប្រធានាធិបតី ហើយខ្ញុំគោរពប្រជាជនអាមេរិក… ខ្ញុំមិនប្រាកដថា យើងបានធ្វើអ្វីអាក្រក់នោះទេ” ដោយបន្ថែមថា បញ្ហាមួយចំនួនគួរតែត្រូវបានពិភាក្សាជាលក្ខណៈឯកជន៕
ប្រែសម្រួលៈ ណៃ តុលា
