ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ៖ សមភាពរវាងបុរស និងស្ត្រី គឺជាកិច្ចការស្នូលនៃគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល

សៀមរាប៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា សមភាពរវាងបុរស និងស្ត្រី គឺជាកិច្ចការស្នូលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល ពោលគឺ សម្ដេចតជោ និង សម្ដេចធិបតី ដែលតែងតែបានគិតគូរផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ស្ត្រីដោយការផ្តល់ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប”។

ការថ្លែងបញ្ជាក់ដូចនេះ គឺនៅក្នុងឱកាសដែលលោក​ ហេង សួរ អញ្ជើញជាអធិបតី នៅក្នុងពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប” ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ នារសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ដោយមានវត្តមានចូលរួមរបស់ លោកស្រី​ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការទទួលបន្ទុកការងារយេនឌ័រ, លោកស្រី​ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី, ថ្នាក់ដឹកនាំ និងទីប្រឹក្សាក្រសួង, តំណាងសហជីពស្ត្រី, តំណាងនារីនៃវិទ្យាស្ថាន/មជ្ឈមណ្ឌល ២៤ រាជធានី ខេត្ត, និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបជិត ៦០០នាក់។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ស្ត្រីជាចំណែកដ៏សំខាន់មួយនៃការកសាងអរិយធម៌កម្ពុជា និងវឌ្ឍនភាពនៃសង្គម ដោយក្នុងពេលបច្ចុប្បន្ននេះ ស្ត្រីកម្ពុជាក៏នៅតែបន្តដើរតួនាទីយ៉ាងសំខាន់សម្រាប់យើងទាំងអស់គ្នា ដូចដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ធ្លាប់បានលើកឡើងថា “នៅក្នុងផ្ទះ បើមិនមាន ភរិយាខ្លាំង មិនមានម្តាយល្អ នោះស្វាមី និងឪពុកក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ធ្វើរឿង ជោគជ័យនៅខាងក្រៅដែរ”។ ជាក់ស្ដែង មានស្ត្រីជាច្រើន កំពុងតែបម្រើការងារស្ទើរគ្រប់វិស័យនៅកម្ពុជា ដោយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥  នៅក្នុងវិស័យកាត់ដេរ មានកម្មករនិយោជិតសរុបប្រមាណ ៩២ម៉ឺននាក់ ក្នុងនោះមានស្ត្រីចំនួន ប្រមាណ ៧០ម៉ឺននាក់ ស្មើនឹងប្រមាណជាង ៧៦%។ នៅក្រៅវិស័យកាត់ដេរ ក្នុងចំណោម កម្មករនិយោជិតសរុបជាង ៩០ម៉ឺននាក់ មានស្ត្រីប្រមាណ ៣៧ម៉ឺននាក់ ស្មើនឹង ៤១%។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀតក្នុងការផ្ដល់ឱកាស និងបង្កលក្ខណៈងាយស្រួលឱ្យស្ត្រីចូលរួមបំពេញការងារកាន់តែសកម្ម និងបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំគ្រប់កម្រិត ផ្អែកលើសមត្ថភាព ពីព្រោះប្រសិនបើបេក្ខជនមានសមត្ថភាពប្រហែលគ្នា នោះស្រ្តីគឺជា អាទិភាពទីមួយ៕

To Top