ព័ត៌មានជាតិ

សមាគមកាយប្ញទ្ធិនារីកម្ពុជា​ រៀបចំកម្មវិធីបងស្រី និងប្អូនស្រីលើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគម កាយប្ញទ្ធិនារីកម្ពុជា បានអញ្ជើញជា អធិបតីភាព និងជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» រៀបចំធ្វើឡើង កាលពីទី២ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និនាត និងពិព័រណ៌កោះពេជ្រ ដោយមានការចូលរួម ពីប្រធានសាខាសមាគមទាំង៦សាខា រួមទាំងសមាជិក សមាជិកា សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ និងសាខាខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីកាយប្ញទ្ធិជាតិ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ។

នេះជាលើកទី៥ហើយ នៃការរៀបចំកម្មវិធី «បងស្រី និងប្អូនស្រី» ដែលជាកម្មវិធីចែករំលែក បទពិសោធន៍ និងផ្ដល់សារ គន្លឺះសំខាន់ៗ របស់បងស្រី ដែលជាអគ្គស្នងការសមាគម ។ ឆ្នាំនេះកម្មវិធីផ្ដោតលើប្រធានបទ «ស្រ្តី និងការងារសង្គម» ដើម្បីចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ដែលតែងប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំជុំវិញ ពីភពលោក ក្នុងគោលបំណង លើកកម្ពស់សិទ្ធិ សេរីភាព និងភាពអង់អាចរបស់ស្រ្តី នៅទូទាំងពិភពលោក។

មានប្រសាសន៍នៅលើវេទិកាលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានលើកទឹកចិត្តប្អូនៗយុវតីត្រូវចូលរួមធ្វើកិច្ចការសង្គម​ឱ្យសកម្ម ព្រោះការងារសង្គមពិតជាផ្ដល់ផលប្រយោជន៍ជាច្រើនដល់យុវតីកម្ពុជារបស់យើង។ លោកជំទាវបានបញ្ជាក់ថា ការងារសង្គម គឺជាការធ្វើការងារជាក្រុម ដែលអាចធ្វើឱ្យប្អូនៗ កសាងសមត្ថភាព និងបណ្ដុះភាពជឿ ជាក់លើខ្លួនឯង ចេះសាមគ្គីគ្នា និងបង្កើតទំនាក់ទំនងល្អ នៅក្នុងសង្គម។

លោកជំទាវ បានសង្កត់ធ្ងន់ថា ប្រទេសមួយរីកច្រើន​ ទៅបានទាល់តែមានការចូលរួមទាំងបុរស និងស្រ្តី ។

នៅក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ ចែករំលែកបទពិសោធន៍ល្អៗ ក្នុងការប្រឡូកការងារសង្គម តាំងពីគ្រាដំបូង ព្រមទាំងបានចែករំលែក នូវសារគន្លឹះសំខាន់៤ចំណុចដល់ប្អូនៗ នៅក្នុងវេទិកា ដែលមានខ្លឹមសារយ៉ាង ដូច្នេះថា៖ «មិនត្រូវធ្វើរឿង អវិជ្ជមាន ដល់សង្គមជាដាច់ខាត, ត្រូវខិតខំសិក្សាចាប់យកជំនាញ ណាមួយឱ្យបានច្បាស់ លាស់ដើម្បីធ្វើឱ្យខ្លួនមានសមត្ថភាព និងគុណភាពដើម្បីអាចជួយសង្គមជាតិបាន, ត្រូវមានគុណធម៌ សីលធម៌ និងសុជីវធម៌ថ្លៃថ្នូ និងចែករំលែក ជួយដល់អ្នកទន់ខ្សោយ, បណ្ដុះគំនិតត្រូវតែស្រលាញ់ជាតិយើង ព្រោះគ្មានជាតិសាសន៍ ណាមកស្រលាញ់ខ្មែរជាងខ្មែរ ខ្លួនឯងនោះទេ។

គួរជម្រាបជូនថា កម្មវធី «បងស្រី និងប្អូនស្រី» គឺជាផ្នែកមួយនៃសកម្មភាព របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ស្រ្តីទី១របស់កម្ពុជា ជាអគ្គស្នងការ។ សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាគមមួយដែលបាននឹងកំពុងយកចិត្តទុកដាក់ នៅក្នុងការបណ្ដុះបណ្ដាល លើកកម្ពស់សមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជា ដើម្បីចូលរួមនៅ ក្នុងកិច្ចការសង្គម ការសិក្សាអប់រំ និងបណ្ដុះនូវភាពជាអ្នក ដឹកនាំដល់ពួកគេ ។ នេះគឺបេសកកម្មយ៉ាងសំខាន់ ក្នុងការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

To Top