ព័ត៌មានជាតិ

មេពន្ធនាគារ ណែនាំឱ្យបន្តពង្រឹងត្រួតពិនិត្យឆែកឆេរសម្ភារៈហាមឃាត់ ចូលក្នុងពន្ធនាគារ

ភ្នំពេញ៖ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានណែនាំឱ្យបន្តពង្រឹងត្រួតពិនិត្យឆែកឆេរសម្ភារៈហាមឃាត់ ពិសេស ទូរស័ព្ទដៃ គ្រឿងញៀន និងបោសសំអាត កាត់បន្ថយសម្ភារៈណាមិនចាំបាច់ នៅក្នុងបន្ទប់ឃុំ។

ការណែនាំរបស់ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែមីនា របស់អគ្គនាយដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងកិច្ចប្រជុំ លោកអគ្គនាយក មានប្រសាសន៍ថា «ត្រូវមានការគិតគូទុកជាមុនអំពីបញ្ហាដែលអាចកើតឡើង នាពេលខាងមុខ គឺបញ្ហាអាកាសធាតុ នៅរដូវក្តៅដែលនាំឲ្យមានការរាំងស្ងួត កង្វះទឹកប្រើប្រាស់ និងកើតមានជំងឺផ្សេងៗ» និងបានផ្តល់អនុសាសន៍ណែនាំ ដល់នាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ដើម្បីបន្តអនុវត្ត និងត្រូវយកចិត្តទុកដាក់ការងារចាំបាច់មួយចំនួន ដូចខាងក្រោម ៖

១-ត្រូវពង្រឹងសមត្ថភាពមន្ត្រីជំនាញផ្នែកព័ត៌មានវិទ្យា (IT) បច្ចេកវិទ្យាឌីជីថល។

២-ត្រូវធ្វើការសហការឲ្យបានល្អជាមួយរដ្ឋបាលខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរៀបចំគម្រោង និងផែនការការពារសន្តិសុខសុវត្ថិភាពពន្ធនាគារ។

៣-បន្តពង្រឹងត្រួតពិនិត្យឆែកឆេរសម្ភារៈហាមឃាត់ ជាពិសេស (ទូរស័ព្ទដៃ គ្រឿងញៀន) និងបោសសំអាត កាត់បន្ថយសម្ភារៈណាមិនចាំបាច់នៅក្នុងបន្ទប់ឃុំ។

៤-ត្រូវយកចិត្តទុកដាក់ផ្លាស់ប្តូររបបអាហារជនជាប់ឃុំឱ្យបានញឹកញាប់ ធានាឲ្យមានគុណភាព និងបរិមាណគ្រប់គ្រាន់។

៥-បន្តជំរុញអនុវត្តកម្មវិធីអប់រំកែប្រែ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធីរបស់អង្គភាពផ្ទាល់ និងបន្តកិច្ចសហការជាមួយដៃគូ អនុវត្តកម្មវិធីដែលមានស្រាប់ និងស្វែងរកការគាំទ្រកម្មវិធីថ្មីៗ។

៦-សូមបន្តធ្វើការជំរុញដល់មន្រ្តីពន្ធនាគារ ធ្វើសមយុទ្ធ និងហ្វឹកហាត់ជាប្រចាំ៕

To Top