ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ថ្លែងសុន្ទរកថា ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ របស់កម្ពុជាប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់៖ គោលនយោបាយ និងយុទ្ធសាស្តកំណើនមានគុណភាព រយៈពេលវែងក្នុងបរិការណ៍ ដែលមានភាពមិនច្បាស់លាស់» នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ រាជធានីភ្នំពេញ ។

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ធ្វើឡើងដោយផ្អែក លើសមិទ្ធផល នៃសន្និសីទកន្លងមក ហើយនឹងបន្តធ្វើជាវេទិកា សម្រាប់ការពិភាក្សាក្នុងន័យស្ថាបនា ក្នុងចំណោមថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា ។ គោលបំណងចម្បងនៃសន្និសីទឆ្នាំនេះ គឺដើម្បីធ្វើការវាយតម្លៃពីភាពខ្លាំង និងភាពខ្សោយ នៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន ដើម្បីកំណត់ទិដ្ឋភាពសំខា ន់ៗដែលចាំបាច់ត្រូវកែលម្អ ដើម្បីសម្រេចបាន នូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ។ សន្និសីទឆ្នាំនេះ ក៏ធ្វើការសម្រប សម្រួលកិច្ចសន្ទនាក្នុងចំណោម អ្នកជំនាញខ្ពស់ផងដែរ ដើម្បីយល់ឱ្យកាន់តែច្បាស់ អំពីបញ្ហាប្រឈម ចំពោះមុខ និងកាលានុវត្តភាព ក្នុងការជួយកម្ពុជា ក្នុងការ អនុវត្តកម្មវិធីកំណែ ទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍នៃស្ថានភាព ដែលមានភាព មិនច្បាស់លាស់ខ្ពស់ ដែលអាចប៉ះពាល់ដល់គន្លង នៃការអភិវឌ្ឍ នាពេលអនាគតនៅកម្ពុជា។

សន្និសីទនេះនឹងត្រូវបានរៀបចំឡើង ជុំវិញវគ្គសំខាន់ៗចំនួនបី ដែលវគ្គនីមួយៗផ្តោតលើទិដ្ឋភាពសំខាន់ៗ ដែលរួមចំណែកដល់ការកំណត់គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង របស់កម្ពុជា៕

