ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រមប្រកាស ឱ្យប្រើប្រាស់ច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ។
ក្នុងព្រះរាជក្រមរបស់ព្រះមហាក្សត្រ កាលពីថ្ងៃ១ មីនា បានឲ្យដឹងថា ការប្រកាសដាក់ឱ្យប្រើច្បាប់នេះ បន្ទាប់ពីរដ្ឋសភា កាលពីថ្ងៃ១៨ កុម្ភៈ បានអនុម័តជាឯកឆន្ទ ក្នុងសម័យប្រជុំ លើកទី៣ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី២៦កុម្ភៈ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ។
ក្នុងមាត្រា១ ៖ ច្បាប់នេះ កំណត់អំពីការផ្តន្ទាទោស ចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬ បដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ ដែលសរសេរកាត់ថា “អ.វ.ត.ក.” ក្នុងគោលបំណង ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យ ឧក្រិដ្ឋកម្ម ទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា៕
