ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ វត្តមានស្រ្តី ក្នុងការងារគ្រប់វិស័យ ក៏ជាវត្តមាន ម្ដាយ ភរិយា កូនស្រី ប្អូនស្រី ឬក្មួយ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវ បុរសទាំងឡាយ ថា វត្តមានស្រ្តី ក្នុងការងារគ្រប់វិស័យ គ្រប់កន្លែង និងគ្រប់ពេល ក៏ជាវត្តមានម្ដាយយើង ភរិយាយើង កូនស្រីយើង ឬប្អូនស្រី ក្មួយស្រីយើង ដូច្នេះដែរ ។

ការអំពាវនាវរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស្របពេលមហាជន ពិសេសអ្នកលេងបណ្តាញសង្គម កំពុងនាំគ្នាប្រតិកម្ម យ៉ាងចាស់ដៃ លើ MC កីឡាករប្រដាល់ម្នាក់ ដែលប្រើប្រាស់ពាក្យសម្តី មិនសមរម្យលើតារាបង្ហាញម៉ូត និងជាតារាសម្តែង។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានសរសេរថា «ជនរួមជាតិជាទីគោរពស្រលាញ់! ប៉ុន្មានថ្ងៃនេះ ខ្ញុំសង្កេតឃើញ មានបងប្អូនជាច្រើននាក់ បានចេញមុខការពារ សេចក្ដីថ្លៃថ្នូរសង្គម និង កិត្តិយសប្អូនស្រីមួយរូប ដែលត្រូវបានពិធីករ ប្រដាល់ម្នាក់ និយាយលែបខាយ ពាក្យសម្ដី ជាសាធារណៈ លើវេទិកាប្រដាល់ ។ ទង្វើ និងប្រធានបទនេះ បានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់ប្អូនស្រីរូបនោះ និងស្រ្តីផ្សេងទៀត»។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ច្បាប់ធម្មជាតិ បានបង្កើតឱ្យសង្គមមនុស្ស មានភេទស្រី និងប្រុស ជាធម្មតា ទោះអ្នកខ្លះ មានអត្តចរិតធម្មជាតិ ផ្ទុយពីភេទជាក់ស្ដែងក៏ដោយ ។ ម្នាក់ៗ មានសិទ្ធិ មានសេរីភាព និងសេចក្ដីថ្លៃថ្នូរស្មើៗ គ្នាក្នុងសង្គម។ សម្រាប់កម្ពុជា យើងមានច្បាប់ និងបវេណីដូនតាដ៏ល្អ ដើម្បីការពារសេចក្ដីថ្លៃថ្នូរមនុស្សម្នាក់ៗ ។ ដូច្នេះទង្វើទាំងឡាយណា ដែលជ្រុលហួសព្រំដែននៃសិទ្ធិ បំពាន លើប្រពៃណី និងសីលធម៌សង្គម ប្រាកដណាស់ នឹងទទួលបានមកវិញ នូវការប្រតិកម្មតប។

ទាញចេញពីករណីប្អូនស្រី និងទោះដោយចេតនាអ្វីពីសំណាក់ប្អូនប្រុសពិធីករប្រដាល់ លោក សូមយកឱកាសនេះ អំពាវនាវបុរសទាំងឡាយ ថា «វត្តមានស្រ្តីក្នុងការងារគ្រប់វិស័យ គ្រប់កន្លែង និងគ្រប់ពេល ក៏ជាវត្តមានម្ដាយយើង ភរិយាយើង កូនស្រីយើង ឬប្អូនស្រី ក្មួយស្រីយើង ដូច្នេះដែរ ។ មិនថាបុរស ឬស្រ្តី ការខិតខំបំពេញការងារទាំងយប់ ទាំងថ្ងៃទៅ តាមសមត្ថភាព និងលទ្ធភាពរៀងៗ ខ្លួននោះ គឺដើម្បីជីវភាព ខ្លួនឯង និងក្រុមគ្រួសារនៅឯផ្ទះ ហើយសុទ្ធតែ បានរួម ចំណែកយ៉ាងធំធេង ដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់សង្គមជាតិ»។

លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ខ្មែរយើងថ្លៃថ្នូរណាស់ ខ្មែរយើង ជាពូជអំបូរដែលគោរព និងផ្ដល់តម្លៃដល់ស្រ្តី រាប់រយពាន់ឆ្នាំមកហើយ! មេភូមិ មេស្រុក មេខេត្ត មេបា មេកើយ គឺមេ ដែលសំដៅដល់មាតា គឺមេសំដៅដល់ស្រ្តី ដែលបង្កើតបានកូន ជំនាន់ក្រោយតៗគ្នា របស់មនុស្ស ។ ដូច្នេះ លោក សង្ឃឹមថា «ពួកយើងជាបុរស នឹងបន្តរក្សាភាពថ្លៃថ្នូរ ក្នុងគ្រប់ទំនាក់ទំនងការងារ គ្រប់ទំនាក់ទំនង សង្គម ជាធម្មតាជាមួយស្រ្តី ហើយខិតខំបង្កលក្ខណៈ ឱ្យស្រ្តីទទួលបាន អារម្មណ៍កក់ក្ដៅប្រកប ដោយកិត្តិយស នៅគ្រប់កាលៈទេសៈទាំងអស់ នៃការបំពេញការងារ និងគ្រប់វត្តមានក្នុង ទំនាក់ទំនងសង្គម ជាមួយបុរស»៕

To Top