កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២៥ នេះ បានប្រជុំបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិស ដៅឆ្នាំ២០២៥ និងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារ ប្រចាំត្រីមាសទី១ ឆាំ្ន២០២៥ និងទិសដៅបន្ត នៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយមានការអញ្ជើញ ចូលរួមជាអធិបតី ពេលសំណាក់ លោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២៤ កន្លងទៅ និងក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈបញ្ជការឯកភាពរដ្ឋបាលក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមអនុវត្តនូវគោលនយោបាយ និងគោលការណ៍នានា របស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» បានធ្វើឱ្យបរិយាកាស សន្តិសុខ នៅតាមសហគមន៍ ភូមិ-ឃុំ-សង្កាត់ កាន់តែមានភាពកក់ក្តៅ និយាយជារួម ខេត្តកំពង់ចាម ប្រជាពលរដ្ឋជាទូទៅរស់នៅប្រកប ដោយភាពសុខដុមរមនា និងមានភាពជឿជាក់ព្រមទាំង បានបង្កលក្ខណៈសម្បត្តិ គាប់ប្រសើរដល់ដំណើរ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចលើគ្រប់វិស័យ ។
លោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា តាមរយៈលទ្ធផល ដែលគណៈបញ្ញការឯកភាពរដ្ឋបាលខេត្ត សម្រេចបានក្នុងឆ្នាំ២០២៤ កន្លង និង ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ពិតជាបានបង្ហាញច្បាស់ ពីកិច្ចខិតខំប្រឹងប្រែង របស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានធ្វើឱ្យបរិយាកាស សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមសហគមន៍ ភូមិ-ឃុំ-សង្កាត់ កាន់តែមានភាពកក់ក្តៅ និយាយជារួម ខេត្តកំពង់ចាមប្រជាពលរដ្ឋជាទូទៅរស់នៅប្រកបដោយភាពសុខដុមរមនា និងមានភាពជឿជាក់ ព្រមទាំង បាបង្កលក្ខណៈសម្បត្តិគាប់ប្រសើរ ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចលើគ្រប់វិស័យ។

លោករដ្ឋលេខាធិការបានបន្តទៀតថា តាមរយៈគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលជាមូលដ្ឋានគ្រឹះ ក្នុងការពង្រឹងស្ថេរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តកំពង់ចាម ឲ្យកាន់តែល្អប្រសើរ ឆ្លើយតបនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបន្តអនុវត្តដោយយកចិត្តទុកដាក់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមរយៈការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សំដៅបន្តការអភិវឌ្ឍខេត្តកំពង់ចាម ឲ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។
