ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេច លើខ្លឹមសារអត្ថបទវីដេអូ អត្ថបទវិទ្យុ និងឯកសារបោះពុម្ពសម្រាប់ផ្សព្វផ្សាយ ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ។
ក្រោយពីបានស្តាប់របាយការណ៍ របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យលើខ្លឹមសារអត្ថបទវីដេអូ អត្ថបទវិទ្យុ និងឯកសារបោះពុម្ពផ្សាយទៅតាមរបៀបវារៈនីមួយៗ$រួចហើយអង្គប្រជុំ គ.ជ.ប បានពិភាក្សាគ្នា និងកែសម្រួលលើចំណុចមួយចំនួន នៃឯកសារទាំងនោះ បន្ទាប់មកអង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
១. របៀបវារៈទី១៖ បានអនុម័តលើខ្លឹមសារអត្ថបទនីមួយៗ មានដូចខាងក្រោម៖
+ខ្លឹមសារអត្ថបទវីដេអូអប់រំរឿងខ្លីមានចំណងជើងរឿងថា៖
– រឿងទី១៖ “អាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខុសពីឃុំ សង្កាត់ដែលសុំចុះឈ្មោះបោះឆ្នោត”
– រឿងទី២ ៖“គ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចុះឈ្មោះបោះឆ្នោតបាន ឬអត់?”
– រឿងទី៣៖ “ខុសឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង”
– រឿងទី៤៖ ឌុកទ័រវ៉ូត (Dr.Vote)។
+ខ្លឹមសារអត្ថបទរឿងសម្រាប់វីដេអូគំនូរជីវចល រួមមាន៖
– រឿងទី១៖ “ខ្ញុំសុំលុបឈ្មោះសាច់ញាតិដែលទទួលមរណភាព”
– រឿងទី២៖ “ខ្ញុំទើបផ្លាស់មករស់នៅក្នុងឃុំនេះ”
– រឿងទី៣៖ “ប្តឹងជំទាស់ទៅនឹងបញ្ជីបោះឆ្នោតដំបូង”។
+ខ្លឹមសារអត្ថបទចម្រៀងមានចំណងជើងដូចខាងក្រោម៖
– បទចម្រៀងទី១៖ “បើខុសឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ត្រូវធ្វើយ៉ាងណា?”
– បទចម្រៀងទី២៖ “សុំធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤”
– បទចម្រៀងទី៣៖ ”សូមអញ្ជើញពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង”។
+ខ្លឹមសារអត្ថបទសម្រាប់ផ្សាយតាមវិទ្យុមានចំណងជើងដូចខាងក្រោម៖
– អត្ថបទរឿងទី១៖ “ខ្ញុំចង់ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំដដែល”
– អត្ថបទរឿងទី២៖ “កូនគ្រប់អាយុចុះឈ្មោះបោះឆ្នោតហើយប៉ា”
– អត្ថបទរឿងទី៣៖ “ខ្ញុំពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងតាមរយៈ App NEC KH ”
+សេចក្តីជូនដំណឹងស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ សម្រាប់ផ្សព្វផ្សាយតាមមេក្រូចល័ត រួមមាន៖
– សេចក្តីជូនដំណឹងទី១៖ “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥”
– សេចក្តីជូនដំណឹងទី២៖ “ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥”
– សេចក្តីជូនដំណឹងទី៣៖ “ឯកសារសម្រាប់ប្រើប្រាស់នៅពេលចុះឈ្មោះបោះឆ្នោត”
– សេចក្តីជូនដំណឹងទី៤៖ “ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែ លនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥”
– សេចក្តីជូនដំណឹងទី៥៖ “ការប្តឹងតវ៉ា និងការប្តឹងជំទាស់ទៅនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត”។
២. របៀបវារៈទី២៖ បានអនុម័តលើខ្លឹមសារអត្ថបទវីដេអូខ្នាតវែង ស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ សម្រាប់ជាជំនួយស្មារតី ដល់ការអនុវត្តតួនាទីភារកិច្ច របស់ក្រុមចុះឈ្មោះបោះឆ្នោត។
៣. របៀបវារៈទី៣៖ បានអនុម័តលើខ្លឹមសារឯកសារសម្រាប់បោះពុម្ពផ្សព្វផ្សាយចំនួន ៥ ប្រភេទ
រួមមាន ខិត្តបណ្ណសំណួរ-ចម្លើយ គំរូប្លង់ការិយាល័យ គំរូឯកសារផ្លូវការ សៀវភៅផ្នត់ និងស្ទីគ័រ៕











