កំពង់ធំ: មន្ទីរព័ត៌មានខេត្តកំពង់ធំ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាពនិងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ធំ លោកអនុប្រធានមន្ទីរ លោកស្រីប្រធាន-អនុប្រធានការិយាល័យ នឹងមន្ត្រី មន្ត្រីជាប់កិច្ចសន្យាជាស្ត្រី នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ ។

ក្នុងពិធីនេះដែរ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានអាន ព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ដើម្បីឲ្យស្ត្រីទាំងអស់មានសិទ្ធិក្នុងការចូលរួមបញ្ចេញយោបល់ និងចូលរួមសកម្មភាពផ្សេងៗនៅក្នុងសង្គម។
លោកស្រីប្រធានមន្ទីរព័ត៌មាន បានមានប្រសាសន៍ថា ការអបអរសាទរចំពោះទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ នេះក្រោមប្រធានបទ «សិទ្ធិ សមភាពនិងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នឹងបានអំពាវនាវដល់បុរសគ្រប់រូប ត្រូវចូលរួមគោរពសិទ្ធិនារីនៅគ្រប់ពេលវេលា និងត្រូវលើកតម្កើងតម្លៃដល់នារីគ្រប់រូបៗ ក្នុងសមភាពយេនឌ័រ ។

ឆ្លៀតក្នុងឱកាសនេះដែរលោកស្រីប្រធាន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម ហេង សួរ ដែលបានឧបត្ថម្ភកុំព្យូទ័រយួរដៃចំនួន ៦គ្រឿង ជូនមន្ទីរព័ត៌មានខេត្តកំពង់ធំ ដើម្បីបម្រើការងារជំនាញផ្សេងៗតាមភារកិច្ចរៀងៗខ្លួន ស្របតាមការអភិវឌ្ឍរីកចម្រើនក្នុងវិស័យឌីជីថល ក្នុងការបម្រើការងារតាមភារកិច្ចបានទាន់ពេលវេលា និងការរក្សាទុកដាក់ឯកសារបានល្អស្របតាមបច្ចេកវិទ្យាថ្មី ។
ក្រោយពីចប់ពិធី លោក សូហ៊ាន ឆេងអាន អនុប្រធានមន្ទីរ បានឧបត្ថម្ភថវិកា សម្រាប់អាហាសាមគ្គីនាពេលល្ងាចផងដែរ។ លោកស្រីប្រធានបាន ជូនជាកាដូអនុស្សាវរីយ៍ដល់មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាជាស្ត្រីទាំងអស់ ព្រមទាំងថតរូបភាពទុកជាអនុស្សាវរីយ៍ផងដែរ៕ដោយសំនៀង
