ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ដល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារី ក្នុងការពង្រឹងសមត្ថភាព វិជ្ជាជីវៈរបស់ខ្លួន ឱ្យបានខ្លាំងពូកែបន្ថែមទៀត ដើម្បីឱ្យមានលក្ខណៈសម្បត្តិសមស្របក្នុងការបំពេញតួនាទី និងភារកិច្ចនានា។

នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត និងលោកស្រី ស ស៊ីណា ស ថេត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងមិទ្ទិញអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានគាំទ្រ និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់លើការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារី ដែលតួអង្គសំខាន់ និងជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានផ្ដល់ជូនអនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារី រួមមាន៖
ទី១៖ ស្នើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារីទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាព វិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្លាំងពូកែបន្ថែមទៀត ដើម្បីឱ្យមានលក្ខណៈសម្បត្តិសមស្របក្នុងការបំពេញ តួនាទី និងភារកិច្ច ទាំងក្នុងក្របខ័ណ្ឌការងារដឹកនាំ និងការងារជំនាញបច្ចេកទេស។

ទី២៖ សូមឲ្យស្ត្រីទាំងអស់ដើរតួនាទីជាអ្នកផ្តល់យោបល់ល្អៗ ទាំងនៅអង្គភាពការងារ ក្នុងសង្គម និងក្នុងគ្រួសារ ជៀសវាងការរក្សាភាពស្ងៀមស្ងាត់ ហើយរង់ចាំតែស្តាប់យោបល់របស់បុរស ព្រមទាំងបន្តរក្សានូវប្រពៃណីថ្លៃថ្នូរ មានមនសិកាការងារ គោរពវិន័យ និងក្រមសីលធម៌ វិជ្ជាជីវៈ ជាពិសេសរក្សាបាននូវគុណតម្លៃ និងគុណធម៌ ឲ្យស័ក្តិសមនឹងកិត្តិនាមរបស់ស្ត្រីជា «មាតាពិភពលោក»។

ទី៣៖ សូមឲ្យនគរបាលជានារីទាំងអស់ បន្តលើកកម្ពស់ឧត្តមភាពរបស់ខ្លួន ក្នុងនាមជាភរិយា ជាមាតា ជាម្ដាយមីង បងស្រី ឬជាកូនស្រីគំរូក្នុងគ្រួសារ ដើម្បីចូលរួមចំណែកក្នុងការអប់រំសមាជិកគ្រួសារទាំងមូល ឲ្យចូលរួមគ្រប់សកម្មភាពសង្គម ចេះគោរពច្បាប់ គោរពសិទ្ធិមនុស្ស មានសុជីវធម៌ សីលធម៌ល្អ ជៀសផុតនូវអំពើឧបាយមុខ អំពីខុសច្បាប់ ជៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ដើម្បីធ្វើជាពលរដ្ឋល្អ ដែលជាមូលដ្ឋានធនធានមនុស្សប្រកបដោយសក្តានុពលក្នុងការកសាងសង្គមខ្មែរ ឲ្យមានភាពរឹងមាំសុខដុមនីយកម្ម និងការអភិវឌ្ឍសម្បូរណ៍រុងរឿង៕

