ភ្នំពេញ: លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីគន្លឹះសំខាន់ៗ នៃកំណែទម្រង់ក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ។ ពោល គឺដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ដែលជាអាទិភាពរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងជំរុញផលិតភាព នៃកម្លាំងពលកម្ម ដែលជាធនធានមានសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានលើកឡើងអំពីអាទិភាពដែលក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើការ ដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ជាពិសេសការពង្រឹងលើវិស័យ TVET និងការបណ្តុះបណ្តាលជំនាញ ពាក់ព័ន្ធនឹង វិស័យបច្ចេកទេស ឧស្សាហកម្ម ដែលស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

ការគូសបញ្ជាក់នូវគន្លឹះសំខាន់ៗនេះ គឺនៅក្នុងឱកាសដែលលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួម ជាវាគ្មិនក្នុងកិច្ចពិភាក្សា ស្តីពី “បញ្ហាប្រឈមនៃរចនាសម្ព័ន្ធ និងរបៀបវារៈកំណែទម្រង់បន្ទាន់ សម្រាប់កំណើនរយៈពេលវែងដោយគុណភាព” នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានវត្តមានរបស់ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា ជាប្រធានវគ្គពិភាក្សា រួមជាមួយវាគ្មិនផ្សេងទៀត គឺលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ, លោកស្រី ឧកញ៉ា កែវ មុំ ស្ថាបនិកក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី, សាស្ត្រាចារ្យ Yasuyuki Sawada សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យតូក្យូ និងជាអតីតប្រធាន សេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ី, លោកបណ្ឌិត សុង សុភក្តិ នាយកប្រតិបត្តិរង និងអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន CDRI។

កិច្ចពិភាក្សានេះ គឺជាផ្នែកសំខាន់មួយនៃសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាព សម្រាប់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងនិរន្តភាព» ដែលរៀបចំឡើងដោយ វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍ កម្ពុជា (CDRI) សហការជាមួយស្ថានទូតអូស្ត្រាលីនៅកម្ពុជា និងកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ គោលបំណងចម្បងនៃសន្និសីទឆ្នាំនេះ គឺដើម្បីធ្វើការវាយតម្លៃពីភាពខ្លាំង និងភាពខ្សោយនៃសមិទ្ធកម្ម សេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន ដើម្បីកំណត់ទិដ្ឋភាព សំខាន់ៗ ដែលចាំបាច់ត្រូវកែលម្អ ដើម្បីសម្រេចបាន នូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ដោយមានការសម្របសម្រួល កិច្ចសន្ទនា ក្នុងចំណោមអ្នកជំនាញជាន់ខ្ពស់ ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីបញ្ហាប្រឈម ចំពោះមុខ និងកាលានុវត្តភាព ដើម្បីជួយកម្ពុជា ក្នុងការអនុវត្តកម្មវិធីកំណែ ទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍ នៃស្ថានភាព ដែលមានភាពមិនច្បាស់លាស់ ដែលអាចប៉ះពាល់ដល់គន្លង នៃការអភិវឌ្ឍនា ពេលអនាគតនៅកម្ពុជា៕







