ព័ត៌មានជាតិ

សម្ដេចធិបតី៖ ទិវាវប្បធម៌ជាតិ​ ជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យរួមគ្នាការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាវប្បធម៌ជាតិ ជារៀងរាលឆ្នាំ ក៏ជាព្រឹត្តិការណ៍ ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យជនរួមជាតិគ្រប់រូបទាំងក្នុង និងក្រៅប្រទេស រួមគ្នាការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ក្នុងស្មារតី “ទាំងអស់គ្នា ដើម្បីវប្បធម៌ជាតិ វប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា”។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងឱកាស “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥” និងសំណេះសំណាល​ ជាមួយសិល្បករសិល្បការិនី ទូទាំងប្រទេស លើកទី៦ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ជាការពិតប្រទេសកម្ពុជា បានកកើតឡើងជាមួយនឹងប្រវត្តិសាស្ត្រសិល្បៈ វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏យូរលង់ និងច្បាស់លាស់ ដែលមកទល់បច្ចុប្បន្ន សិល្បៈ វប្បធម៌ បេតិកភណ្ឌ ទាំងរូបិយ និងអរូបិយសម្បូរបែប ត្រូវបានបង្កើត និងថែរក្សាការពារ ដោយបុព្វបុរសគ្រប់ជំនាន់ គឺជាសក្ខីភាព និងបានក្លាយជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិ និងប្រជាជន។

ក្នុងនោះ សម្តេចធិបតី ឱ្យគ្រប់គ្នាត្រូវដឹងថា កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍន៍ បានក្លាយជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ហើយបច្ចុប្បន្នភារកិច្ចនេះ​ មិនត្រឹមតែផ្តោតគោលដៅ ការពារអត្តសញ្ញាណជាតិមួយមុខប៉ុណ្ណោះទេ ប៉ុន្តែ ថែមជាកិច្ចខិតខំ បង្វែរទិសបន្ថែម ដល់វិស័យសិល្បៈ វប្បធម៌ ក្នុងការចូលរួមដោយផ្ទាល់ និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ច និងទ្រទ្រង់ជីវភាពប្រជាជន តាមរយៈការកសាងជំនាញបន្តវេន បង្ក បង្កើតការងារ និងតាមរយៈការរីកចម្រើន នៃវិស័យឧស្សាហកម្ម-វប្បធម៌។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ឆ្នាំនេះគឺជាឆ្នាំទី១០ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបន្តរៀបចំ ទិវាវប្បធម៌ជាតិ ក្រោមប្រធានបទតែមួយគឺ “យុវជន ដើម្បីវប្បធម៌ជាតិ” នេះក៏ដោយសារតែវិសាលភាព​ដ៏ធំ នៃវិស័យសិល្បៈ វប្បធម៌ ការពង្រឹងថែរក្សា និងអភិវឌ្ឍន៍គ្មានដែនកំណត់ ជាកាតព្វកិច្ចរបស់យុវជនបន្តវេន ក៏ដូចជាវិស័យដែលងាយទទួលរងហានិភ័យ ដែលកើតចេញពីការកើនឡើង នៃសាកលភាវូបនីយកម្មសិល្បៈ វប្បធម៌ ទាំងក្នុងតំបន់ និងពិភពលោក ព្រមទាំងពីស្ថានភាព ដែលបច្ចេកវិទ្យា បាននិងកំពុងប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងសេដ្ឋកិច្ចសង្គម និងនយោបាយ”៕

To Top