ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា៖ ការពង្រឹងការអប់រំសុខភាព និងអនាម័យសម្រាប់កុមារ ងាយរងគ្រោះបំផុតនៅកម្ពុជា ជារឿងសំខាន់

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការពង្រឹងការអប់រំសុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុតនៅកម្ពុជា ជារឿងសំខាន់ ដើម្បីធានាបានថា កុមារគ្រប់រូបអាចបំពេញសិទ្ធិរបស់ពួកគេក្នុងការរៀនរីកចម្រើន និងអភិវឌ្ឍន៍ឱ្យពេញសមត្ថភាព ។

ការលើកឡើងរបស់សាស្រ្តាចារ្យរដ្ឋមន្រ្តីនេះ ក្នុងពិធីបើកគម្រោងការពង្រឹងការអប់រំ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុតនៅកម្ពុជា នាថ្ងៃ៥ មីនា ដែលមានការចូលរួមពីលោកវ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក Will Parks ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា ។

គម្រោងជំនួយនេះ មានគោលបំណង ដើម្បីបំពេញចន្លោះក្នុងការធានាគុណភាព និងលទ្ធភាពក្នុងការទទួលបានសេវាសំខាន់ៗ សម្រាប់កុមារ ស្ត្រី និងសមាជិកគ្រួសារ រួមទាំងទារកទើបនឹងកើត កុមារដែលមានពិការភាព កុមារដែលមានហានិភ័យនៃកង្វះអាហារូបត្ថម្ភ ជនជាតិភាគតិច និងគ្រួសារ IDPoor — នៅក្នុងតំបន់ដាច់ស្រយាលមួយចំនួននៅក្នុងប្រទេស។

ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការគាំពារសង្គម ប្រកបដោយសមធម៌ និងស្មើសិទ្ធដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពទន់ភ្លន់ សំដៅរួមចំណែក លើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន សំដៅធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងកុមារ ទទួលបាននូវសេវាសុខាភិបាល ពេញលេញ ប្រកបដោយគុណភាព ក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមិនមានការរើសអើង។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងអំណរគុណ សាធារណៈរដ្ឋប្រជាមានិតចិនសម្រាប់ការប្តេជ្ញាចិត្ត ក្នុងការធ្វើការរួមគ្នាជាមួយអង្គការយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារកុមារដែលត្រូវការជំនួយបន្ថែម ដែលបង្ហាញពីការសហការគ្នាក្នុងការធានាបានថា កុមារគ្រប់រូប ដោយមិនគិតពីប្រវត្តិ ឬស្ថានភាពរបស់ពួកគេ តែគឺទទួលបានការបំពេញសិទ្ធិរបស់ពួកគេក្នុងការរៀន រីកចម្រើន និងអភិវឌ្ឍឱ្យពេញសមត្ថភាពរបស់ពួកគេ។

សូមបញ្ជាក់ថា ក្នុងគម្រោងនៃភាពជាដៃគូនេះ មានគោលបំណងលើកកម្ពស់អក្ខរកម្មមូលដ្ឋាន និងជំនាញលេខសម្រាប់អ្នកសិក្សាវ័យក្មេងបំផុតរបស់ប្រទេស ។ គម្រោងនេះនឹងផ្តល់ការផ្គត់ផ្គង់ សម្ភារៈ និងចំណេះដឹងដល់គ្រូបង្រៀន១០,០០០នាក់ និងសិស្ស ៨០,០០០នាក់ នៅក្នុងសាលាមត្តេយ្យសិក្សា និងបឋមសិក្សា រួមទាំងកុមារពិការចំនួន៦០០នាក់ ដើម្បីកែលម្អកម្រិតបឋមសិក្សា និងការរៀនសូត្ររួមបញ្ចូល។ គម្រោងនៃភាពជាដៃគូនេះ ក៏នឹងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលចំនួន ៦០០នាក់ នៅទូទាំងមណ្ឌលសុខភាពចំនួន២០០ និងសមាជិកក្រុមគាំទ្រសុខភាពភូមិចំនួន ៨០០នាក់។

បុគ្គលិកថែទាំសុខភាព និងគ្រូបង្រៀនក៏នឹងត្រូវបានគាំទ្រ ក្នុងការទទួលយកឥរិយាបថថែទាំដែលមានសុខភាពល្អ និងចិញ្ចឹមបីបាច់ថែរក្សា និងតាមដានការលូតលាស់របស់កុមារដែលមានសារៈសំខាន់ ក្នុងការថយចុះហានិភ័យនៃកង្វះអាហារូបត្ថម្ភ របស់កុមាររហូតដល់ ៦៥,០០០កុមារអាយុក្រោម៥ឆ្នាំ និង ៣០,០០០នាក់ ៕

To Top