ភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានលើកឡើងថា កម្លាំងជំនាញផ្នែករដ្ឋបាល នៃក្រសួងមហាផ្ទៃ បាននិងកំពុងចុះស្រាវជ្រាវ ករណីអធិការស្រុករតនមណ្ឌល ដែលបានផឹកស្រាបៀរ ក្នុងឈុតជាឯកសណ្ឋានប៉ូលីស ។

លោកបណ្ឌិត ទូច សុឃៈបានឲ្យដឹងនៅថ្ងៃ៦ មីនាថា បន្ទាប់ពីឃើញមានការចែកចាយគ្នា ជាបន្តបន្ទាប់ក្នុងបណ្តាញសង្គម រួចមកអំពីមន្រ្តីប៉ូលីសផឹកស្រា លោកក៏បានរាយការណ៍ទៅថ្នាក់លើ និងទៅនាយកដ្ឋានរដ្ឋបាល នៃអគ្គនាយកដ្ឋាន ធនធានមនុស្សក្រសួងមហាផ្ទៃ ដើម្បីចាត់នីតិវិធីទៅ តាមជំនាញ ក្នុងការស្រាវជ្រាវ ចំពោះករណីនេះថា តើកើតឡើងនៅទីតាំងមួយណា? ។
លោកគូសបញ្ជាក់ថា “យើងរង់ចាំមើលថាតើ ការស្រាវជ្រាវរបស់អង្គភាពជំនាញ ចំណុះទទួលបានលទ្ធផលដូចម្តេច?”។
លោកទូច សុឃៈ ថា បើករណីនេះជារឿងពិត មិនមែនក្រៅម៉ោងបម្រើការងាររដ្ឋទេ នឹងអនុវត្តវិន័យនគរបាលជាតិកម្ពុជា ដោយគ្មានលើកលែង ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ៦ មីនានេះ នៅតាមបណ្តាញសង្គមតេឡេក្រាម មានការចែកចាយជាបន្តបន្ទាប់ ចំពោះវីដេអូប្រមាណជា២នាទី បង្ហាញពីវរសេនីយ៍ឯក សន និល អធិការ នគរបាលស្រុករតនមណ្ឌល ដែលបានទាញកអាវកូនចៅ របស់លោកម្នាក់ ឲ្យពិន័យផឹកស្រាបៀ បន្ទាប់មកក៏បើកការផឹកស៊ីជាមួយគ្នា ។
ប៉ុន្តែបន្ទាប់ពីមានការបែកធ្លាយវិដេអូនេះ ក៏ស្រាប់តែឃើញមាន លិខិតសុំអនុញ្ញាតច្បាប់ របស់លោករយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ៦-៧មីនា ដើម្បីទៅចូលរួមមង្គលការក្មួយ នៅឧត្តរមានជ័យវិញ ។
បើតាមបទវិន័យ របស់កម្លាំងនគរបាល ត្រង់ប្រការ១៨ អំពីមន្រ្តីនគរបាលជាតិកម្ពុជា ត្រូវស្លៀកពាក់ឯកសណ្ឋាន នគរបាលជាតិចែងថា ហាមដាច់ខាតចូលកម្សាន្ត ក្នុងរង្គសាល ក្នុងសម្លៀកបំពាក់ឯកសណ្ឋានគរបាលជាតិ លើកលែងតែករណីបំពេញបេសកកម្ម , ហាមទទួលទានអាហារ តាមទីសាធារណៈ ឬភោជនីយដ្ឋាន ៕
