ព័ត៌មានជាតិ

ទិវាអន្តរជាតិនារី ៨ មីនា ! លោកឧបនាយករដ្ឋមន្រ្តី ស សុខា ជំរុញឱ្យបង្កើនចំនួនស្ដ្រី ក្នុងវិស័យមហាផ្ទៃ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងជំរុញ និងលើកចិត្តឱ្យអង្គភាពចំណុះនីមួយៗនៃក្រសួងមហាផ្ទៃ ពិនិត្យ និងវាយតម្លៃសកម្មភាព មន្រ្តីរាជការជាស្ត្រី ដើម្បីផ្តល់តំណែង និងតួនាទីណាមួយសមស្របចំណេះ និងជំនាញតាមបណ្ដាអង្គភាព។

ការជំរុញ និងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមមូលបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ដ្រី និងក្មេងស្រ្តី គ្រប់រូប ប្រារព្ធនាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ស្រ្តីទាំងអស់ ចូលរួមបង្កើតស្នាដៃថ្មីៗ ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តជាបញ្ចកោណ ដំណាក់ទី១ ដែលមានរបៀបវារៈជាគោល នយោបាយសង្គម-សេដ្ឋកិច្ច ជាពិសេសឯឧត្តម លើកទឹកចិត្តឱ្យស្ដ្រីទាំងអស់ ចូលរួមវគ្គបណ្ដុះបណ្ដាល ដែលរៀបចំឡើង ជារៀងរាល់ឆ្នាំ តាមផែនការជាយុទ្ធសាស្រ្ត ជាប្រយោជន៍ក្នុងការបង្កើននូវសមត្ថភាព ចំណេះ ជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងសីលធម៌ សុជីវធម៌ ដើម្បីជាយានមួយសម្រាប់វិស័យទាំង៣ ដែលមាន វិស័យនគរបាល វិស័យស៊ីវិល និងវិស័យពន្ធនាការ ក្នុងត្រួតពិនិត្យ និងការវាយតម្លៃ នូវសមត្ថភាពរបស់មន្រ្តី ដែលជាស្រ្តី ក្នុងដែនសមត្ថកិច្ចតាមវិស័យនីមួយៗ។

ពីវេទិកាអន្តរជាតិនារី ខួបលើកទី១១៤នេះដែរ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានសង្កត់ធ្ងន់ថា បើទោះបីជាចំនួនស្ដ្រីបម្រើការ នៅក្នុងក្រសួង មានច្រើនក៏ពិតមែន ប៉ុន្តែការបង្កើន និងផ្តល់ឱកាសដល់ស្ដ្រី បន្ថែមទៀត ក្នុងវិស័យសុីវិល នគរបាល និងពន្ធនាគារ នៅតែត្រូវបានលោកទឹកចិត្ត ។

លោកឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា «ខ្ញុំក៏លើកទឹកចិត្តឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត លើការបណ្ដុះបណ្ដាលមន្រ្តី ដែលជាអ្នកបន្តវេនទាំងបុរស និងស្ដ្រីទាំងអស់ ត្រូវទទួលការបណ្ដុះបណ្ដាលយ៉ាងតិច២ឆ្នាំ ទៅលើចំណេះ ជំនាញ ភាសា បច្ចេកទេស វិជ្ជាជីវៈ និងកាយវិការ»

To Top