ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ៖ តួនាទីស្រ្តី ពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាន

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ចូលរួមអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» របស់មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៧ មីនា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា តួនាទីស្រ្តី ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា ។

ក្នុងទិវាដ៏វិសេសវិសាលនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ ដែលជានិច្ចកាលតែងតែសហការ និងខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ស្ត្រី និងក្មេងស្រីនាពេលកន្លងមក។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក កម្មករ កម្មការិនី នៃមន្ទីរពេទ្យកាល់ម៉ែតដែលបានខិតខំប្រឹងប្រែងចូលរួម ក្នុងការលើកស្ទួយវិស័យសុខាភិបាល ការផ្តល់សេវាប្រកបដោយ គុណភាព និងសមភាពជូនដល់ប្រជាជន ព្រមទាំងខិតខំអភិវឌ្ឍន៍ចំណេះជំនាញរបស់ខ្លួន ជាបន្តបន្ទាប់។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត បន្តលើកស្ទួយដល់មន្រ្តីរាជការ និងបុគ្គលិកជាស្រ្តី លើកទឹកចិត្តដល់នារី និងត្រូវមើលឱ្យឃើញជាក់ស្តែងការខិតខំក្នុងការបំពេញភារកិច្ចការងារ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី រំលឹកឡើងថា “ស្រ្តីគឺតំណាងឱ្យភាពស្អាតស្អំ ស្រ្តីតំណាងឱ្យគតិបណ្ឌិត ស្រ្តីតំណាងឱ្យភាពស្មោះត្រង់ ឃើញស្រ្តីគឺឃើគភាពថ្នាក់ថ្នម ឃើញក្តីសង្ឃឹម”។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏ស្នើថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក កម្មករ កម្មការិនី នៃមន្ទីរពេទ្យកាល់ម៉ែតបន្តនូវវប្បធម៌រួមសាមគ្គីជាធ្លុងមួយ ជាមួយភាពមោះមុត់របស់ស្រ្តីឥរិយាបថទន់ភ្លន់ ក្នុងនាមជាអ្នកបម្រើសេវាសុខាភិបាល ដោយបន្តប្រកាន់យកនូវក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ សហការគ្នាអនុវត្តការងារឱ្យកាន់តែប្រសើរថែមទៀត ដើម្បីជាកម្លាំងស្នូលដ៏មានអត្ថប្រយោជន៍ខ្ពស់ ជួយទ្រទ្រង់វិស័យសុខាភិបាល និងកាន់តែឈានទៅការរីកចម្រើនជាបន្តបន្ទាប់ ជាមួយគុណតម្លៃដ៏ឧត្តុង្គឧត្តម។

ឆ្លៀតក្នុងឱកាសអបអរសារទរទិវាអន្តរជាតិនារី ៨មីនា សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត ជាស្រ្តីចំនួន៣០៨រូបដែលមានស្នាដៃក្នុងការបំពេញការងារយ៉ាងល្អប្រសើរប្រកបដោយគុណភាព ៕

To Top