ព័ត៌មានជាតិ

សម្តេចធិបតី ស្ងប់ស្ញែង និងកោតសរសើរ ប្រធានមណ្ឌលមែកឈើ ដែលផ្ដល់ក្តីសុខ និងភាពកក់ក្តៅ ដល់កុមាររាប់រយនាក់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងសេចក្ដីរំភើប ស្ងប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់ លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលផ្ដល់សេចក្តីសុខ និងភាពកក់ក្តៅ ដល់កកុមាររាប់រយនាក់ ដែលកំពុងជួបការលំបាក ។

នៅលេីបណ្តាញសង្គម នាថ្ងៃទី៧ ខែមីនា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលេីកឡេីងថា សម្តេចបានតាមដាននូវសកម្មភាពរបស់លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីមនុស្សធម៌ ដែលជួយដល់ក្មួយៗកុមារកំព្រា និងកុមារ ដែលមានទុក្ខលំបាករាប់រយនាក់ នៅក្នុងមណ្ឌលរបស់គាត់។

សម្តេចធិបតី បានលេីកឡេីងថា “កាលពីម្សិលមិញ ខ្ញុំបានឆ្លៀតពេលជួបជជែកលេង ជាមួយប្អូនប្រុស ហើយខ្ញុំកាន់តែមានសេចក្ដីរំភើប ស្ងប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់ប្អូន រហូតបានក្លាយពីកុមារកំព្រាម្នាក់ ដែលធ្លាប់ផ្ញើវាសនានៅក្នុង មណ្ឌលកុមារកំព្រានេះ ទៅជាមនុស្សម្នាក់ ដែលផ្ដល់សេចក្តីសុខ និងភាពកក់ក្តៅ ដល់ក្មួយៗរាប់រយនាក់ ដែលកំពុងជួបការលំបាក ដូចរូបប្អូនកាលពីអតីតកាល”។

សម្តេចធិបតី ក៏បានជូនពរ លោក ផល ផល ្លា ឱ្យទទួលបានជោគជ័យបន្តទៀត ក្នុងកិច្ចការងារមនុស្សធម៌នេះ ដែលនេះមិនត្រឹមតែ ជាសកម្មភាពគំរូសម្រាប់ក្មួយៗ នៅក្នុងមណ្ឌលនោះទេ ប៉ុន្តែក៏ជាគំរូដ៏ល្អសម្រាប់យុវជនខ្មែរដទៃទៀត ដែលភាពជោគជ័យរបស់ប្អូន បញ្ជាក់ថា បើមានឆន្ទៈ ស្មារតីតស៊ូ និងគំនិតវិជ្ជមាន ទោះជាលទ្ធភាពមានកំណត់ ក៏អាចសម្រេចបាននូវកិច្ចការជាច្រើន ដែលមិនត្រឹមតែជួយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអាចជួយដល់អ្នកដទៃ និងបង្កើតស្នាដៃវិជ្ជមាន ក្នុងសង្គមផងដែរ៕

To Top