ព័ត៌មានជាតិ

បញ្ជាការដ្ឋានសឹករងកំពង់ធំ ចូលរួមក្រុងពាលី និងដង្ហែរវេប្រគេនដុំនិមិត្តសីលា ត្រៀមរៀបចំពិធីបញ្ចុះ ខណ្ឌសីមាព្រះវិហារ វត្តពៅពិសី ក្រុងស្ទឹងសែន !

កំពង់ធំ: នារសៀលថ្ងៃទី០៧  ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹក រងកំពង់ធំ និងក្រុមគ្រួសារ  បានចូលរួមជាមួយ ប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត ក្នុងពិធីក្រុងពាលី និងដង្ហែរវេប្រគេនដុំនិមិត្តសីលា ដើម្បីត្រៀមបញ្ចុះខណ្ឌសីមា នៅវត្តធម្មគន្ឋារាម ហៅវត្តពៅពិសី នៅសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី សោមស៊ុន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា គិតមកដល់ពេលនេះ  មានរយៈពេល៥ឆ្នាំហើយ ដែលព្រះវិហារនេះត្រូវបានកសាងរួចរាល់ជាស្ថាពរ  ដែលកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនឹងក្រុមគ្រួសារ បានចូលរួមចំណែកប្រគេនជាស៊ីម៉ង់ត៍ និងបច្ច័យមួយចំនួន ដេីម្បីបានដំណើរការបញ្ចុះបឋមសិលាសាងសង់ព្រះវិហារដ៏ធំស្កឹមស្កៃនេះ ដែលនិងត្រូវត្រៀមបញ្ចុះខណ្ឌសីមា ដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ខាងមុខដ៏ខ្លីនេះ ។
ហើយជាមួយនេះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថា នេះហើយគឺជាសមិទ្ធផលក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ មុឺងម៉ាត់ ប្រកបដោយគុណធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះតេជគណ ហឿន វីរៈ ព្រះគ្រូចៅអធិការវត្តធម្មគន្ឋារាម ហៅវត្តពៅពិសី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងសហការី ព្រមទាំងលោកជំទាវ និងក្រុមគ្រួសាររបស់នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានរួមចំណែកជាមួយសប្បុរសជន នៅក្នុងស្រុក ក្រៅស្រុក និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមចំណែកលះបង់ថវិកាសម្ភារៈ ដើម្បីចូលរួមចំណែកក្នុងការកសាងព្រះវិហារនេះ បានសម្រេចចេញជារូបរៀងឡើងនៅពេលនេះ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងក្រុមគ្រួសារយោធិន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានចូលរួមប្រគេនទេយ្យទាន មានស្បៀង អាហារគ្រឿង ឧបភោគបរិភោគ  សម្រាប់ផ្គត់ផ្គង់ដល់ចង្ហាន់ព្រះសង្ឃ និងបានចូលរួម បច្ច័យមួយចំនួនបន្ថែមទៀត  សម្រាប់ចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ បន្ថែមទៀតផងដែរ ៕ ដោយសំនៀង

To Top