ព័ត៌មានជាតិ

អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍កម្ពុជា អំពាវនាវអំពីតម្រូវការ សុខភាព សិទ្ធ និងសមភាព ក្នុងទិវាអន្តរជាតិនារី ៨ មីនា

ភ្នំពេញ ៖ ឆ្នាំនេះ អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍កម្ពុជា (AHF) បានចូលរួមជាមួយចលនាសាកល ដើម្បីទាមទារឱ្យមានការបញ្ចប់នូវ វិសមភាពដែលរារាំងស្ត្រី និងក្មេងស្រី តាមរយៈការប្រារព្ធទិវាអន្តរជាតិនារី នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ កាលពីព្រឹកមិញនេះ នៅរាជធានីភ្នំពេញ ដើម្បីរំលឹកដល់មនុស្សគ្រប់គ្នាថា នៅពេលដែលស្ត្រី និងក្មេងស្រីមានការរីកចម្រើន សហគមន៍ទាំងមូល ក៏មានការរីកចម្រើន។

នៅក្នុងទិវាអន្តរជាតិនារី អង្គការមូលនិធិថែទាំ សុខភាពអ្នកជំងឺអេដស៍(AHF)សូមចូលរួមជាមួយស្ត្រី និងក្មេងស្រីទាំងពិភពលោក ដោយអបអរសាទរសមិទ្ធផលរបស់ពួកគេ ស្របពេលដែលពួកគេ កំពុងដើរតួនាទីដ៏សំខាន់ជម្នះឧបសគ្គ ដើម្បីសុខភាព សមភាព និងឱកាស។ 

ទោះបីជាមានការរីកចម្រើនជាច្រើនទសវត្សរ៍មកហើយក៏ដោយ ក៏នៅតែមានស្ត្រី និងក្មេងស្រីទាំងអស់ចំនួន៤៤% ក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍ថ្មីទាំងអស់នៅទូទាំងពិភពលោក។ អំពើហឹង្សាដោយយេនឌ័រ កង្វះលទ្ធភាពទទួលបានការថែទាំសុខភាព ការរឹតបន្តឹងសិទ្ធបន្តពូជ វិសមភាពប្រាក់ចំណូល និងឱកាសអប់រំនៅមានកម្រិត បានបន្ថែមភាពមិនស្មើគ្នាបន្តទៀត។

លើសពីនេះមានមនុស្សរាប់លាននាក់នៅតែមិនអាចទទួល បានផលិតផលសុខភាពពេលមករដូវដែលមានតម្លៃសមរម្យ និងការអប់រំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយ ដែលបាននិងកំពុងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ភាពចល័ត និងឱកាសរបស់ពួកគាត់។

សម្រាប់ទិវាអន្តរជាតិនារីនាឆ្នាំ២០២៥ អ្នកតស៊ូមតិអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ ប្រារព្ធពិធីជួបជុំមេដឹកនាំស្ត្រី ដែលមកពីស្ថាប័នរដ្ឋាភិបាល សហគមន៍ អ្នករស់នៅជាមួយមេរោគអេដស៍ អង្គការក្រៅរដ្ឋាភិបាល និងក្មេងស្រីរួមគ្នាដើម្បីដោះស្រាយពីបញ្ហាស្ត្រីទាក់ទងនឹងមេរោគអេដស៍ ការព្យាបាល និងសិទ្ធិ។

សូមជម្រាបថា អង្គការAHF បានកំណត់ស្ត្រី និងក្មេងស្រីជាអាទិភាព តាមរយៈការស្វែងរកការគាំទ្រ ឱ្យមានគោលនយោបាយ ដែលការពារ និងលើកកម្ពស់ពួកគេ នៅទូទាំងពិភពលោក។ ចាប់តាំងពីការចែកចាយផលិតផលសុខភាពពេលមករដូវដោយឥតគិតថ្លៃ និងការប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាលើយេនឌ័រ ការពង្រីកលទ្ធភាពទទួលបានសេវាថែទាំ ព្យាបាលមេរោគអេដស៍។

អង្គការAHF ត្រូវបាន និងកំពុងប្តេជ្ញាចិត្តការធានាថាស្ត្រី និងក្មេងស្រីគ្រប់រូបអាចដឹកនាំជីវិតប្រកបដោយសុខភាព និងថាមពល ។ សម្រាប់ទិវាអន្តរជាតិនារីនេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ក៏បានធ្វើការអំពាវនាវ ឱ្យមេដឹកនាំអ្នកបង្កើតគោលនយោបាយ និងសហគមន៍បង្វែរការប្តេជ្ញាចិត្តទៅជាសកម្មភាព ពីព្រោះពិភពលោក ដែលមានភាពយុត្តិធម៌ និងសមធម៌អាចធ្វើទៅបានលុះត្រាតែស្ត្រី និងក្មេងស្រីនៅគ្រប់ទីកន្លែងអាចទាមទារសិទ្ធិពេញលេញ អំណាច និងសក្តានុពលរបស់ពួកគេ ៕

To Top