ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ វាយតម្លៃខ្ពស់ ចំពោះសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់សមភាពយេនឌ័រ នៅកងទ័ពជើងគោក

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងបញ្ជាការដ្ឋាន កងទ័ពជើងគោក ។

ការវាយតម្លៃខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតី​ ក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»ដែលបានរៀបចំធ្វើនៅបញ្ជាការដ្ឋានកងទ័ជើងគោក។

លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានគូសបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១៤ ដែលបានរៀបចំប្រារព្ធពិធី ដ៏មានសារៈសំខាន់នាពេលនេះ ដើម្បីរំលឹកពីភាពអង់អាចក្លាហាន នៃការតស៊ូទាមទារសិទ្ធិសេរីភាព​ស្មើគ្នា របស់នារី និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និង វិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ បង្កើនភាពអង់អាច និងតម្លៃយោធិននារីគ្រប់រូប នៅក្នុងកងយោធពលខេមរភូមិន្ទ និយាយជារួម និងនៅក្នុងកងទ័ពជើងគោក និយាយដោយឡែក។

លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក ក៏ដូចជាការចូលរួមកន្លងមករបស់ប្អូនៗ ក្មួយៗ ជាយោធិននារី នៅក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី ក្នុងរយៈពេលកន្លងមក។

លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានមានប្រសាសន៍ថា ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំនេះ ត្រូវបានប្រារព្ធ ក្រោមប្រធានបទ « ស៊ី-ដ » សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ដោយហេតុថាឆ្នាំ២០២៥ នេះ អង្គការសហប្រជាជាតិ នឹងប្រារព្ធទិវា អន្តរជាតិនារី ដើម្បីអបអរសាទរខួបទី៣០ នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង ដែលបានដាក់ចេញដោយ តំណាងរដ្ឋ និងរដ្ឋាភិបាលមកពីប្រទេស ចំនួន ១៨៤ ប្រទេស នូវវិធានការ គោលនយោបាយ ផែនការ សកម្មភាព នៅក្នុងវិស័យសំខាន់ៗ ដូចមានចែងក្នុងអនុសញ្ញាអន្តរជាតិ ស្តីពី «ស៊ី-ដ» ដែលមានដូចជា ស្ត្រីនិង ភាពក្រីក្រ, ស្ត្រីនិងការអប់រំបណ្តុះបណ្តាល, ស្ត្រីនិងសុខភាព, អំពើហិង្សាលើស្ត្រី, ស្ត្រីនិងជម្លោះប្រដាប់អាវុធ ស្ត្រីនិងសេដ្ឋកិច្ច, ស្ត្រីនិងការធ្វើសេចក្តីសម្រេចនិងសិទ្ធិអំណាច, យន្តការស្ថាប័ន សម្រាប់លើកកម្ពស់ស្ត្រី, សិទ្ធិមនុស្ស របស់ស្ត្រី, ស្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយ, ស្ត្រីនិងបរិស្ថាន, និងក្មេងស្រី។

លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏សកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា គោលជំហរនយោបាយនេះ នៅតែបន្តពង្រឹង និងអនុវត្ត ហើយការផ្តល់អាទិភាព ដល់ស្ត្រីនៅតាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងវិធានការនានា សំដៅដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី កម្ពុជាត្រូវបានដាក់ចេញ អនុវត្តយ៉ាងសកម្ម។

ដើម្បីបន្តពង្រឹងការងារអាទិភាពចំពោះស្ត្រី នៅក្នុងក្របខណ្ឌ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដាក់ចេញគោលការណ៍ដល់ថ្នាក់ដឹកនាំ ក្រុមការងារយេនឌ័រកងទ័ពជើងគោក នូវការងារសំខាន់ៗ រួមមាន៖
១. បន្តកំណត់ឱ្យបានច្បាស់ នូវឧបសគ្គនានា ក្នុងការបំពេញការងារ បំពេញតួនាទីភារកិច្ចរបស់ស្ត្រី និងលើកវិធានការបន្ថែម ដើម្បីដោះស្រាយ
២. បន្តផ្តល់អាទិភាពជូនស្ត្រី និងលើកទឹកចិត្តស្ត្រី ក្នុងការចូលរួមវគ្គ បណ្តុះបណ្តាលសមត្ថភាព នានាដោយរាប់បញ្ចូលទាំងវគ្គ បណ្តុះបណ្តាលជំនាញ ឌីជីថលផងដែរ
៣. បន្តកំណត់លក្ខណសម្បត្តិស្ត្រី និងលើកសំណើរតែងតាំងស្ត្រី សម្រាប់មុខតំណែងដែលនៅទំនេរ ក្នុងករណីមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នា ត្រូវបន្តផ្តល់អាទិភាពដល់បេក្ខនារី
៤. បន្តយកចិត្តទុកដាក់ចំពោះមន្ត្រីជា ស្រ្តីមុនពេលចូលនិវត្តន៍ ដោយត្រូវរៀបចំបែបបទដំឡើង ឋានន្តរសក្តិ និងថ្នាក់ទៅតាម អតីតភាពការងារ ស្របតាមគោលការណ៍ជាធរមាន
៥. គួរបង្កើតឱ្យមានការជួបជុំស្ត្រី បន្ថែមពីទិវានេះ ឱ្យបានយ៉ាងហោចណាស់ ១ដង ដើម្បីជាវេទិកា សម្រាប់ការជជែកពិភាក្សាលើស្ថានភាពស្ត្រី ការទទួលសំណូមពរ និងការលើកយោបល់ជាដំណោះស្រាយ លើបញ្ហាប្រឈមដែលកើតមាន៕

To Top