ព័ត៌មានជាតិ

កម្ពុជា-ចិន ផ្លាស់ប្ដូរទស្សនៈ ស្ដីពីកិច្ចសហការវិនិយោគ និងអភិវឌ្ឍតំបន់ សេដ្ឋកិច្ចពិសេស

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារ ទទួលជួបពិភាក្សាការងារ ជាមួយ លោក Li Yongjun អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគក្រៅប្រទេស របស់ក្រសួងពាណិជ្ជកម្មចិន ក្នុងគោលបំណងផ្លាស់ប្ដួរទស្សនៈ ស្ដីពីកិច្ចសហការវិនិយោគ និងការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ចិន។

មានមតិក្នុង ជំនួបខាងលើ លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណ ជូនចំពោះភាគីមិត្ត ដែលបានចំណាយពេលវេលា អញ្ជើញមកកាន់ ព្រះរាជាណាចក្រកម្ពុជា ដោយផ្ទាល់ ដើម្បីពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ ពង្រឹង និង ជំរុញរំហូរវិនិយោគចិន មកកម្ពុជានៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងការវិនិយោគទ្វេទិសកម្ពុជា-ចិន ។

លោក បានលើកឡើងថា ក្រោមការជួយ ជ្រោមជ្រែងពីភាគីមិត្ត តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានក្លាយទៅជាមជ្ឈមណ្ឌល ទាក់ទាញវិនិយោគដ៏មានសក្ដានុពល និងបានបង្កើនទំហំពាណិជ្ជកម្ម និងជំរុញរំហូរវិនិយោគនៅកម្ពុជា តាមរយៈការស្រូបទាញនូវគម្រោងវិនិយោគ និងបង្កើតកន្លែងការងារបានជាអតិបរមា ។

បន្ថែមពីនេះ តំបន់សេដ្ឋកិច្ច ពិសេសខេត្តព្រះសីហនុ បានរួមចំណែកដល់ការពង្រឹង កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ តាមរយៈគំនិតផ្ដួចផ្ដើមខ្សែ ក្រវាត់និងផ្លូវ ដោយលោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ។

ស្របគ្នានេះ ភាគីទាំងពីរ បានពិភាក្សាយ៉ាងផុលផុស ប្រកបដោយផ្លែផ្កា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគ តាមរយៈយន្ដការការងារ ដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នា សំដៅអនុវត្តនូវគម្រោងកិច្ចសហប្រតិបត្តិការ វិនិយោគទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ចបៃតង និងឌីជីថល សំដៅធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាមានភាពទាក់ទាញដល់ការវិនិយោគ ដែលផ្ដល់តម្លៃបន្ថែមខ្ពស់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីប្រកបដោយគុណភាពខ្ពស់ ៕

To Top