ភ្នំពេញ ៖ បន្ទាប់ពីបានទស្សនកិច្ច នៃដំណើរការការកសាង អាកាសយានដ្ឋានអន្តរជាតិតេជោហើយនោះ លោក Stepan MESSERER ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាចំណែកហេដ្ឋារចនាសម្ព័ន្ធមួយ ដែលនឹងលើកកម្ពស់សេដ្ឋកិច្ច ក៏ដូចជាស្រូបទាញយកភ្ញៀវទេសចរ មកកាន់ប្រទេសកម្ពុជា ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ Stepan MESSERER បានលើកឡើងថា នេះគឺជាលើក ទីមួយហើយ ដែលលោកបានធ្វើទស្សនកិច្ច នៅអាកាសយានដ្ឋាន តេជោអន្តរជាតិ និងបាននកោតសរសើរ បន្ទាប់ពីបានឃើញ នូវសមទ្ធិផល ដែលសម្រេចបាន នាពេលនេះ ហើយជឿជាក់ថា នេះគឺជាអាកាសយានដ្ឋានអន្តរជាតិ ដ៏ទំនើប និងថ្មីរបស់កម្ពុជា ។
លោកឯកអគ្គរដ្ឋទូត បានលើកសរសើរទៀតថា “ខ្ញុំមើលឃើញពីភាពអស្ចារ្យ ។ អាគាររបស់អាកាសយានដ្ឋាននេះ មានលក្ខណៈអស្ចារ្យ។ អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺការរួមបញ្ចូលរចនាបថ និងវប្បធម៌របស់ខ្មែរ ដែលវាគឺជាចំណុចដ៏ល្អមួយ។ បើយើងមើលពីទំហំនៃអាកាសយានដ្ឋាននេះ យើងអាចឃើញបានថា នេះគឺជាការវិនិយោគសម្រាប់ពេលអនាគត ។ វាគឺជាចំណែកហេដ្ឋារចនាសម្ព័ន្ធមួយ ដែលនឹងលើកកម្ពស់សេដ្ឋកិច្ច ក៏ដូចជាស្រូបទាញយកភ្ញៀវទេសចរ មកកាន់ប្រទេសដ៏ស្រស់ស្អាតនេះ “។

លោកទូត ក៏បានគូសបញ្ជាក់ថា ជាភារកិច្ចមួយរបស់លោកផងដែរ ហើយក៏បានជជែកពិភាក្សាជាមួយវិនិយោគិន ក្នុងការនាំប្រតិភូធុរកិច្ចមកកម្ពុជា ខណៈដែលលោកបង្ហើបថា នឹងមានប្រតិភូធុរកិច្ចចំនួន៤ មកពីប្រទេសអាល្លឺម៉ង់ នឹងមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំនេះ។
បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានបង្ហាញនូវក្តីសង្ឃឹមថា ជើងហោះហើរ រវាងអាល្លឺម៉ង់-កម្ពុជា នឹងចាប់ផ្ដើមឆាប់ៗផងដែរ។
ជាមួយគ្នានេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានឱ្យដឹងថា ក្រុមហ៊ុន នឹងបន្តធ្វើការជាមួយ ស្ថានទូតអាល្លឺម៉ង់ និងស្ថានទូតដទៃទៀត ដើម្បីពង្រឹង និងពង្រីកបន្ថែម ធ្វើយ៉ាងណា ឱ្យមានជើងហោះហើរ ពីគ្រប់ប្រទេសនានាមកកម្ពុជា ក្នុងន័យថាចំពោះប្រទេសណាមិនទាន់មានជើងហោះហើរជាមួយកម្ពុជា និងខិតខំជំរុញធ្វើយ៉ាងណាឱ្យមាន ខណៈដែលប្រទេស ដែលមានស្រាប់ ជំរុញឱ្យកាន់តែមានច្រើនជាងមុន ។

ក្នុងនោះ លោកឧកញ៉ា ឆារស៍ វ៉ាន់ ក៏បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក បានខិតខំអូសទាញធ្វើយ៉ាងណា ឱ្យបណ្តាស្ថានទូតទាំងអស់នៅកម្ពុជា ជួយជំរុញឱ្យភ្ញៀវទេសចរ នៃបណ្តាប្រទេសនីមួយៗ អញ្ជើញមកកាន់ប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនផងដែរ៕








