ព័ត៌មានជាតិ

រកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលមានព្រះសិររក្សាទុក នៅអភិរក្សដ្ឋានអង្គរ តាំងពីសម័យបារាំង

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា តាមរយៈការសហការជាមួយស្ថាប័ន ស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ធ្វើកំណាយស្រាវជ្រាវក្នុងដំណាក់កាលទី២ នៅចំណុចខាងក្រៅកំពែងថ្មបាយក្រៀមនាទិសឦសាន នៃរោងទងទី៣ របស់ប្រាសាទតាព្រហ្ម បានរកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលព្រះសិរត្រូវបានរកឃើញនៅប្រាសាទតាព្រហ្ម ក្នុងឆ្នាំ១៩២៧ និងរក្សាទុកនៅអភិរក្សដ្ឋានអង្គរ រហូតមកបច្ចុប្បន្ន។

លោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការណ៍ធ្វើកំណាយនៅដំណាក់កាលទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញដងខ្លួន នៃពុទ្ធបដិមាក្នុងចំណោមបំណែកបដិមាចំនួន២៩ មានដងខ្លួនពុទ្ធបដិមាចំនួន១ សិល្បៈរចនាប័ទ្មបាយ័ន មានស្ថានភាពបាត់បង់ព្រះសិរ ប្រអប់ជើង និងព្រះហស្តស្តាំ មានកម្ពស់ប្រវែង១.១៦សង់ទីម៉ែត្រ និងទំហំស្មា៥៦សង់ទីម៉ែត្រ។ ដងខ្លួនលម្អដោយគ្រឿងអលង្ការ ស្លៀកសំពត់ ពានាស្បៃ ព្រះហស្ថឆ្វេងដាក់លើដើមទ្រូង មានទម្រង់កាយវិការកម្រនៅក្នុងសិល្បៈខ្មែរ។

អ្នកជំនាញរូបនេះបន្តថា ក្រោយពីរកឃើញហើយក្រុមការងារបានចុះបញ្ជីតាមបច្ចេកទេស ដែលដងខ្លួនពុទ្ធបដិមានេះ មានលេខបញ្ជី N°294។ បន្ទាប់មកក្រុមការងារបានស្កេនប្រៀបធៀបស្វែងរកបំណែកផ្សេងៗដែលបាត់បង់ ដើម្បីផ្គុំឡើងវិញ ហើយបានដឹងថា ដងខ្លួននៃពុទ្ធបដិមានេះ ត្រូវគ្នាជាមួយនឹងបំណែកដៃចុះបញ្ជីលេខN°292 និងប្រអប់ជើងចុះបញ្ជីលេខ N°168 ដែលកំណាយរកឃើញនៅដំណាក់កាលទី១ កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងមក។

ចំណែកព្រះសិរដែលមានចុះបញ្ជីលេខ DCA.6883-N139 រកឃើញនៅគោបុរៈខាងកើតទី៤នៃប្រាសាទតាព្រហ្ម ក្នុងឆ្នាំ១៩២៧ បច្ចុប្បន្នរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ក៏ត្រូវបានសិក្សាស្កេនប្រៀបធៀបត្រូវគ្នានិងដងខ្លួននៃបដិមាដែលរកឃើញនៅដំណាក់កាលទី២នេះដែរ។
ដូចនេះផ្នែកផ្សេងៗ នៃពុទ្ធបដិមាខាងលើដែលបាក់បែក ត្រូវបានផ្គុំឡើងវិញស្ទើរតែពេញលេញទម្រង់ដើម។ ចំពោះផ្នែកដែលបាត់បង់ ដែលស្វែងរកមិនទាន់ឃើញ គឺបាត់ព្រះសហ្តស្តាំតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា កិច្ចការកំណាយនេះធ្វើឡើង ក្នុងគោលបំណងរៀបចំវត្ថុសិល្បៈក្នុងបរិវេណប្រាសាទតាព្រហ្ម ដោយសារតែមានរូបចម្លាក់ ជាច្រើនបាននៅរាយប៉ាយ តាមកំពែងឬក៏នៅក្នុងរោងទង៕

To Top