
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានថ្លែងប្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែងថា សន្និបាតប្រចាំឆ្នាំ របស់ក្រសួងខាងមុខនេះ នឹងមានការយកចិត្តទុក ដាក់បន្ថែមលើ របៀបរបបការងារ និងយន្តការ ដើម្បីបង្កើនប្រសិទ្ធភាព អនុវត្តការងារកាន់តែប្រសើរ រវាងក្រសួង និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត។

ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង លោក ហ៊ុន ម៉ានីបានរំលេចពីដំណើរការរៀបចំការងារឆ្ពោះទៅកាន់សន្និបាត បូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ និងទី២០ ខែមីនា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «សម្រាប់សន្និបាតឆ្នាំនេះ នឹងមានការយកចិត្តទុកដាក់ជាផ្នែកធំមួយទៅលើ ការរៀបចំរបៀបរបបការងារ និងយន្តការការងាររវាងក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈទូទាំងប្រទេស ជាពិសេស ធ្វើយ៉ាងណាឱ្យមានការសហការគ្នាកាន់តែល្អប្រសើរបន្ថែមទៀត ដែលធ្វើឱ្យមន្ទីរមុខងារសាធារណៈ ក្លាយជាសេនាធិការដ៏ល្អ ជូនដល់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារ សាធារណៈ និងចូលរួមឱ្យកាន់តែសកម្ម ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»។

តាមរយៈរបាយការណ៍របស់ លោកប្រធានមន្ទីរ មុខងារសាធារណៈខេត្តស្ទឹងត្រែង លោកឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការ កោតរសើរដល់ មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ដែលបានខិតខំ អនុវត្តការងារ វិធានការគន្លឹះទាំង៣ ក្នុងការកែ ទម្រង់រដ្ឋបាល សាធារណៈ និងការអនុវត្តកិច្ចការងារ ស្នូលប្រចាំថ្ងៃ ក្នុងការផ្តល់សេវា ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ដើម្បីបំពេញតាមតម្រូវការ បានយ៉ាងល្អប្រសើរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឧបនាយករដ្ឋមន្ត្រី បន្ថែម ថា មន្ទីរមុខងារសាធារណៈ ក្នុងនាមជាសេនាធិការ របស់ក្រសួងមុខងារសាធារណៈ ត្រូវយល់ និងក្តាប់ឱ្យជាប់ច្បាស់ ពីគោលជំហរ និងគម្រោង ព្រមទាំងកិច្ចការងារផ្សេងៗ របស់ក្រសួង ដើម្បីឱ្យមានសំលេងតែមួយ ភាសាតែមួយ ក្នុងក្របខណ្ឌ នៃក្រសួង មុខងារសាធារណៈ៕
