
ភ្នំពេញ ៖ ឆ្លើយតបទៅក្រុមប្រឆាំង នៅក្រៅប្រទេស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងថា ការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ដើម្បីផ្ដល់ផលប្រយោជន៍ ដល់វិស័យទេសចរណ៍កម្ពុជាទាំងមូល មិនមែនសម្រាប់តែក្រុមគ្រួសារ របស់សម្តេចឡើយ ។
ការមានប្រសាសន៍ឆ្លើយតប របស់សម្តេចធិបតីនេះ បន្ទាប់ពីមានក្រុមប្រឆាំងនៅក្រៅប្រទេស បានធ្វើការរិះគន់ចំពោះគម្រោងរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ អង្គរសៀមរាប នៅថ្ងៃ១៤ដល់១៦ មេសាថា ជាការឥតប្រយោជន៍ សម្រាប់តែក្រុមគ្រួសាររបស់សម្តេច ។
នាឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ ជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា មានអ្នកនៅក្រៅប្រទេសតាមរយៈកិច្ចសម្ភាសន៍ ជាមួយវិទ្យុបរទេស ផ្សាយជាខេមរភាសា បានរិះគន់ចំពោះគម្រោង នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាពេលខាងមុខថា ជាការឥតប្រយោជន៍ព្រោះការរៀបចំនេះ ចំពេលប្រជាពលរដ្ឋខ្លះក្រីក្រ ប៉ុន្តែសម្ដេចថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីផ្ដល់ប្រយោជន៍ដល់វិស័យទេសចរណ៍កម្ពុជា ជាពិសេសអ្នករស់នៅខេត្តសៀមរាប ចាប់តាំងពីអ្នករត់ម៉ូតូឌុប ដល់ម្ចាស់សណ្ឋាគារជាដើម ដែលមកដល់ពេលនេះបើតាមការលេចលឺសណ្ឋាគារ និងផ្ទះសំណាក់បានកក់ទុកមុនគ្មានសេសសល់ឡើយ ។
សម្ដេចធិបតីបន្តថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនមែនដើម្បីមុខមាត់ របស់ក្រុមគ្រួសារ សម្តេចឡើយ ព្រោះមិនបានដាក់រូបថត ក្រុមគ្រួសារសម្ដេចទេ។ ការរៀបចំនេះ កើតចេញពីសសៃឈាម សមាជិកសហភាព សហព័ន្ធយុវជនកម្ពុជា (ស ស យ ក) ចាប់តាំងពីយុវជន រហូតដល់មន្ត្រីជាន់ខ្ពស់ ដែលជាឧបនាយករដ្ឋមន្ត្រី ដើម្បីតែមុខមាត់ជាតិ និងប្រយោជន៍ជាតិប៉ុណ្ណោះ ។
សម្តេចធិបតីបញ្ជាក់ថា “បងប្អូនខ្លះឃើញ គេសម្ភាសន៍មក អ្នកវិភាគជំនាញមួយនោះដែលវិភាគគ្រប់មុខនោះគាត់ថា អាហ្នឹងដើម្បីបង្កើន ប្រជាប្រិយភាពត្រកូលហ៊ុន ទៅជាចឹងឆ្កុយ ។ គ្រាន់តែឯកឧត្តមហ៊ុន ម៉ានីរៀបចំ ឯកឧត្តមហ៊ុន ម៉ានីមិនមែនតែរៀបចំមួយឆ្នាំហ្នឹងទេ ស ស យ ក រៀបចំតាំងពីយូរមកហើយ ហើយរៀបនោះអត់មានដាក់រូបខ្ញុំអីទេ គឺរៀបចំគ្រប់កន្លែងទាំងអស់” ។
សម្តេចធិបតីអះអាងថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះ ធ្វើឡើងនៅ តាមគ្រប់បណ្តារាជធានី-ខេត្តនៅទូទាំងប្រទេស មិនមែនរៀបចំតែ នៅសៀមរាបមួយនោះទេ ។ សម្តេចថា ក្រោយរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនេះហើយ កម្ពុជាក៏កំពុងរៀបចំឯកសារនានា ដើម្បីដាក់សង្ក្រាន្តបញ្ចូល ទៅបញ្ជីបេតិកភណ្ឌពិភពលោក ៕
