ព័ត៌មានជាតិ

បុរសសម្លាប់អតីតប្រពន្ធ នៅខណ្ឌឫស្សីកែវ បានចងកសម្លាប់ខ្លួនឯង នៅបន្ទាយមានជ័យ

ភ្នំពេញ ៖ ករណីឃាតកម្មលើស្ត្រីម្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជនសង្ស័យត្រូវជាអតីតប្តី បានចងកសម្លាប់ខ្លួនឯងនៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ១០ មីនា ។

បើតាមការផ្សព្វផ្សាយរបស់ក្រុមការងារ និងប្រតិកម្មរហ័ស របស់ស្នងការរាជធានីភ្នំពេញ កាលពីម៉ោង៧នាថ្ងៃទី១០ មីនា នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានករណីឃាតកម្មបង្កដោយជនសង្ស័យជាអតីតប្តី ឈ្មោះ ប៊ន សេងហាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិនិម្មិត១ ឃុំនិម្មិត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។

សពជនរងគ្រោះឈ្មោះ អ៊ុន ស្រីល័ក ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ មុខរបរអ្នករត់តុ។

ជនសង្ស័យ និងជនរងគ្រោះត្រូវជាអតីតប្ដីប្រពន្ធ មានកូនប្រុសចំនួន១នាក់ បានលែងលះគ្នារយៈពេល១ឆ្នាំមកហើយ ។ នៅថ្ងៃកើតហេតុ ជនសង្ស័យត្រូវជាប្ដី ជនរងគ្រោះបានមកផឹកស៊ីនៅហាងមួយកន្លែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដែលជាកន្លែងធ្វើការរបស់ជនរងគ្រោះ ចំនួន៣ថ្ងៃជាប់គ្នា ក៏មានទំនាស់ពាក្យសម្ដីជាមួយគ្នា ដោយជនសង្ស័យប្រច័ណ្ឌ ជនរងគ្រោះថា មានប្រុសផ្សេង។

តាមចម្លើយសាក្សីមុនពេលកើតហេតុ មានការឈ្លោះគ្នា ហើយក៏សម្របសម្រួលត្រូវគ្នាវិញ បន្ទាប់មកពួកគេទាំងពីរនាក់ បានជិះម៉ូតូជាមួយគ្នាចេញទៅក្រៅ ហើយមេការស្រែកសួរថា ឌុបគ្នាទៅណាកុំឈ្លោះគ្នាទៀត ជនសង្ស័យបាននិយាយប្រាប់សាក្សីជាមេការថា នឹងដឹកជនរងគ្រោះយកទៅសម្លាប់ចោលតែម្ដង មេការនឹកស្មានថា ជនសង្ស័យនិយាយលេង ហើយពួកគេជិះចេញទៅបាត់ ។ បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូឌុបជនរងគ្រោះចេញពីកន្លែងពីធ្វើការ ទៅដល់ចំណុចកើតហេតុ ក៏ធ្វើសកម្មភាពវាយជនរងគ្រោះ និងខ្ទប់ដង្ហើមបណ្ដាលឱ្យស្លាប់ ។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានគេចខ្លួន ទៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ហើយបានទំនាក់ទំនង ទៅកម្លាំងអធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីសហការចាប់ជនសង្ស័យ។ លុះបន្ទាប់មក សមត្ថកិច្ចអធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ បានទទួលព័ត៌មាន នៅវេលាម៉ោង២០ នៅថ្ងៃ១០ មីនា ដដែលថា មានបុរសម្នាក់ចង់កសម្លាប់ខ្លួន ទើបសមត្ថកិច្ចចុះ ដល់កន្លែងកើតហេតុ ទៅត្រួតពិនិត្យកោសល្យវិច័យ គឺបុរសរូបនេះ ពិតជាជនសង្ស័យ ដែលបានសម្លាប់ជនរងគ្រោះ ជាអតីតប្រពន្ធរបស់ខ្លួន នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ៕

To Top