ព័ត៌មានជាតិ

វីតាល់ ពង្រឹងកិច្ច សហការប្រតិបត្តិការ ជាមួយ មជ្ឈ​មណ្ឌល​ជាតិផ្តល់ឈាម ក្រោមបុព្វេហេតុលើកតម្កើង គុណវុឌ្ឍិ នៃចលនាបរិច្ចាគឈាម ពីសប្បុរសជនដោយស្ម័គ្រចិត្ត

ភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបន្តចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ នាព្រឹកថ្ងៃទី១១ មីនា ២០២៥ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី(វីតាល់), លោក វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, ថ្នាក់ដឹកនាំ, វេជ្ជបណ្ឌិត, បុគ្គលិកនៃស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។

លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា វីតាល់ និងមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម បានចាប់ផ្តើម កិច្ចសហការជាមួយគ្នា តាំងពីឆ្នាំ ២០១១ មកម៉្លេះ ដោយស្ថាប័នទាំងពីរបានពាំនាំសកម្មភាពវិជ្ជមានជាច្រើន ក្រោមស្មារតី លើកតម្កើងគុណវុឌ្ឍិ នៃចលនាបរិច្ចាគ ដោយស្ម័គ្រចិត្តពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ។ លោកស្រីបានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការ​ យ៉ាងស្អិតរមួតនេះ មិនត្រឹមតែរឹតបន្តឹង ចំណងមេត្រីភាព រវាងស្ថាប័នទាំងពីរប៉ុណ្ណោះទេ តែពោលគឺបានជះឥទ្ធិពល ដល់កំណើនការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត មិនគិតកម្រៃ និងសុវត្ថិភាព ដល់សាធារណៈជន និង សង្គមជាតិទាំងមូល ។ បន្ថែមពីនេះ លោកស្រីក៏នៅតែអំពាវនាវ និងលើកទឹកចិត្ត ដល់សប្បុរសជន ប្រុសស្រី បន្តចូលរួមបរិច្ចាគ ឈាម ដោយស្ម័គ្រចិត្ត តាមដែលអាចធ្វើបាន ព្រោះការបរិច្ចាគឈាម ពុំមានផលរំខានទៅដល់ សុខភាពឡើយ ពោលគឺជួយអ្នកយើង មានសុខភាពល្អ ប្រសើរដោយសារការផ្លាស់ប្តូរឈាម អារម្មណ៍ស្រស់ថ្លា កាត់បន្ថយកំហាប់ឈាម និងជាការជួយអាយុជីវិត ដែលមិនអាវកាត់ថ្លៃបាន ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រសាសន៍ផងដែរថា ក្នុងនាមប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល និងមន្ត្រីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោកមានសេចក្តីសោមនស្សរីករាយ ដែលបានចូល រួមក្នុងកម្មវិធីចុះអនុស្សារណៈ នៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌល ជាតិផ្ដល់ឈាម និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ។

លោកវេជ្ជបណ្ឌិត បានថ្លែងអំណរគុណដល់ លោកស្រី ជឹង សុគន្ធាវី និងក្រុមហ៊ុនទឹកពិសាវីតាល់ ដែលបន្តផ្ដួចផ្ដើមបន្តឱ្យមានកិច្ចសហប្រតិបត្តិការនេះ រួមជាមួយចក្ខុវិស័យវែងឆ្ងាយ បំផុសស្មារតីអោយសាធារណជន និងអតិថិជនវីតាល់ ចូលរួមក្នុងយុទ្ធនាការផ្ដល់ឈាមយ៉ាងសកម្មនៅគ្រប់កម្មវិធី។ តាមរយៈកិច្ចសហប្រតិបត្តិការ យ៉ាងមុតមាំមួយនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ផ្ដល់ជាលទ្ធភាពដល់ការប្រមូលឈាម ពីសប្បុរសជនស្ម័គ្រចិត្ត ដោយមិនគិតកម្រៃ ដោយកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបំពេញនូវតម្រូវការឈាមចាំបាច់សម្រាប់អ្នកជំងឺនៅតាមមន្ទីរពេទ្យនានា។ យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត សង្ឃឹមថា កំណើនបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ពីសប្បុរសជននឹងបន្តកើនឡើងជាលំដាប់ ក្រោមកិច្ចសហការយ៉ាងស្អិត រមួតរវាងស្ថាប័នទាំងពីរ។

គួរបញ្ជាក់ផងដែរថា ក្រោមមូលនិធិ ២៥៛ វីតាល់ តែងតែបន្តចូលរួមឧបត្ថម្ភគាំទ្រទៅដល់កិច្ចការសង្គម និងមនុស្សធម៌តួយ៉ាងកិច្ចសហប្រតិបត្តិការ យ៉ាងសកម្មនាថ្ងៃនេះ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ។ ការចូលរួមចំណែកទាំងនេះ ក៏កើតចេញពីការគាំទ្រឥតឈប់ឈរ របស់អតិថិជនវីតាល់ ទាំងអស់ ក្នុងការជាវទឹកពិសាវីតាល់មួយដប បានចូលរួមបរិច្ចាគ ២៥៛ទៅកាន់មូលនិធិមួយនេះ។ វីតាល់មោទនភាព ផលិតផលជាតិ !

To Top