ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយ សហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំ «ពិព័រណ៍ ផលិតផលខ្មែរ» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណមុខប្រាសាទអង្គរវត្ត នៅទីក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើង ក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ព្រឹត្តិការណ៍នេះជាឱកាសដែល លោកតា លោកយាយ អ៊ំ ពូ មីង និងប្រជាពលរដ្ឋខ្មែរ បានជួបជុំគ្នាក្នុងនាមជាមហាគ្រួសារខ្មែរ ដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។
ព្រឹត្តិការណ៍នេះ បានក្លាយទៅជាវេទិកាចែករំលែកបទពិសោធន៍ របស់មនុស្សជំនាន់មុន និងយុវជនជំនាន់ក្រោយ ហើយក៏បានប្រែក្លាយទៅជាយន្តការអភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ប្រពៃណីខ្មែរផងដែរ។
ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម អញ្ជើញ លោក-លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅ ដែលមាន ចំណាប់អារម្មណ៍ចង់ចូលរួមដាក់តាំងបង្ហាញ លក់ផលិតផលឬសេវាកម្ម និងស្វែងរកដៃគូពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមទំនាក់ទំនងមកបំពេញបែបបទចូលរួម តាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋានឡូត៍លេខ១៩-៦១ មហាវិថី សហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៥៕
