ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំតាមដាន វឌ្ឍនភាពការងារ គណៈកម្មការរៀបចំព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត ឆ្នាំ២០២៥

ភ្នំពេញ ៖ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងជាប្រធាន គណៈកម្មការរៀបចំព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត បានអញ្ជើញដឹកនាំ កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ របស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ អង្គរសង្រ្កាន្តឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលម៉ានី អគារThe Kampus។

កិច្ចប្រជុំនេះមានការចូលរួម ពីសំណាក់ លោក លោកស្រី ជាប្រធានចង្កោម ប្រធាន និងតំណាងក្រុមការងារ ព្រមទាំងសមាជិកសមាជិកា ក្រុមការងាររៀបចំ ប្រមាណ ២០០ នាក់។

គោលបំណងនៃការរៀប ចំកិច្ចប្រជុំនាឱកាសនេះ គឺធ្វើឡើងដើម្បីបង្ហាញពីវឌ្ឍនភាព ការងាររៀបចំរបស់ក្រុមការងារគ្រប់ ចង្កោមនៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ ក៏ដូចជាពិនិត្យ ពិភាក្សា ឆ្លងយោបល់ និងបន្តរៀបចំផែនការដើម្បីអនុវត្តការងារ ត្រៀមឆ្ពោះទៅថ្ងៃព្រឹត្តិការណ៍ ធ្វើយ៉ាងណាឱ្យអង្គរសង្ក្រាន្តឆ្នាំ២០២៥ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

សូមជម្រាបជូនថា ការវិលត្រឡប់មកវិញ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្ត ឆ្នាំថ្មី» គឺដើម្បីឆ្លើយតបទៅនឹងបំណង របស់ប្រជាពលរដ្ឋជាច្រើនដែល តែងទន្ទឹងរង់ចាំវត្តមានព្រឹត្តិការណ៍ នៅលើទឹកដីនៃខេត្តសៀមរាប។

ទន្ទឹមនឹងនេះ គោលបំណងចម្បង នៃការរៀប ចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺដើម្បីចូលរួមលើកស្ទួយមរតកវប្បធម៌អរូបី លើទីតាំងនៃមរតកវប្បធម៌រូបី ជាពិសេសបង្កើតនូវឱកាសជួបជុំ ផ្ដល់នូវបរិយាកាសសប្បាយរីករាយ ស្នាមញញឹម ដល់មហាគ្រួសារខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕

To Top