
ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាសត្រូវ ដ៏កាចសាហាវមួយ របស់បណ្តាប្រទេសទាំងអស់ លើសកលលោក។

នាឱកាសអញ្ជើញជាអធិបតីភាព ដឹកនាំបើកសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងថា «បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទ ដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាសត្រូវ ដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក ដែលស្របជាមួយបញ្ហាអសន្តិសុខសកល ដែលកំពុងកើតឡើងផងនោះ ក្រុមឧក្រិដ្ឋជនទុច្ចរិត បានឆ្លៀតឱកាសបង្កើនសកម្មភាព និងឧបាយកល របស់ខ្លួនក្នុងការផលិត ចែកចាយ ជួញដូរ និងចរាចរ ជាពិសេសនៅតំបន់ ត្រីកោណមាស និងអឌ្ឍច័ន្ទមាស» ។
លោកឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅ នឹងបញ្ហាដ៏ស្មុគស្មាញនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែឈរលើគោលការណ៍ ដ៏រឹងមាំមុតស្រួចមួយ ក្នុងការតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាពចម្បងបំផុត និងដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធីសាស្ត្រ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបទាន់ ពេលនូវរាល់បញ្ហា និងការពារថែរក្សាសង្គមកម្ពុជាជាសង្គម ស្អាតស្អំ ដែលគ្រឿងញៀនលែង ជាឧបសគ្គដល់កិច្ចអភិវឌ្ឍជាតិ។

ជាក់ស្តែង យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល វិធានការគន្លឹះទាំង៥ និងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសការសម្រេចបន្តដាក់ចេញ «ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ដែលនឹងត្រូវប្រកាស ផ្សព្វផ្សាយនារសៀលនេះ សុទ្ធតែជាសក្ខីភាពដ៏ប្រត្យក្សមួយអំពី គោលនយោបាយមុតស្រួច ប្រឆាំងនឹងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល។
បើយោងតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កម្ពុជានៅតែបន្តរងការគំរាមកំហែងពីនិន្នាការ នៃគ្រឿងញៀនសកល ជាពិសេស ពីតំបន់ត្រីកោណមាស។ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបង្ហាញថា បទល្មើសគ្រឿងញៀនពុំមានការថមថយនោះទេ បើធៀបនឹងឆ្នាំ២០២៣។

ជាក់ស្តែងនៅឆ្នាំ២០២៤ ចំនួនករណីគ្រឿងញៀន ដែល បង្ក្រាបបានកើន៣១,៨៤% និងគ្រឿងញៀនចាប់យក កើន៣៩៩% ក្នុងនោះសមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១០.៦៣០ករណី កើនឡើង ២.៥៦៧ករណី ស្មើរ ៣១,៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ឃាត់ខ្លួនជន សង្ស័យចំនួន២៧.០៧១នាក់ កើន ៣៥,៥៣% , គ្រឿងញៀនចាប់យក ១៤តោន ៩០៩គីឡូក្រាម កើនឡើង ១១ តោន ៩២០ គ.ក្រ ស្មើរ ៣៩៨,៨២% (កើន៤ដង បើធៀបឆ្នាំ២០២៣)។ ដោយឡែកសារធាតុគីមីផ្សំរឹបអូសបានចំនួន ៣៥៤ គីឡូក្រាម ថយចុះ ១តោន ១១៥ គ.ក្រ ថយចុះ ៧៦%បើធៀបនឹងឆ្នាំ២០២៣៕
