
ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារបានយ៉ាងល្អកន្លងមកនេះ បើទោះបីបទល្មើស ព្រហ្មទណ្ឌ មានការកើនឡើង ប៉ុន្តែកងកម្លាំង បង្ក្រាបបានស្ទើតែ១០០ភាគរយ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ ។

ការកោតសរសើររបស់ លោក ម៉ប់ សារិន បែបនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១២ មិនា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមវត្តមាន លោក ឆាយ វីរៈអភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោកប្រធានក្រុមប្រឹក្សា បានលើកឡើងថា ក្នុងខែកុម្ភៈកន្លងមកនេះ បើទោះបីបទល្មើសព្រហ្មទណ្ឌ មានការកើនឡើង ប៉ុន្តែអ្វីដែលគួរកោតសរសើរនោះ គឺរាល់បទល្មើសព្រហ្មទណ្ឌ ដែលបានកើតឡើងកងកម្លាំងបង្ក្រាបបានស្ទើតែ១០០ភាគរយ។

ជាងនេះទៅទៀត លោកប្រធាន ក្រុមប្រឹក្សា កត់សម្គាល់ ឃេីញថា រដ្ឋបាលរាជធានីភ្នំពេញ បានចាត់វិធានការឆ្លើយតបបានល្អប្រសើរ ជុំវិញការដាក់របាំងពុះចែកទ្រូងផ្លូវ ៦០ម៉ែត្រ និងការបង្កើតផ្លូវថ្មើរជើង (Walk Street) ។ ការងារទាំងពីរនេះពិតជាទទួលបាន នូវការសាទរពីប្រជាពលរដ្ឋយ៉ាងខ្លាំងក្លា។

ឆ្លៀតក្នុងឱកាសនេះ លោក ម៉ប់ សារិន បានស្នើដល់អាជ្ញាធរខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ ជួយធ្វើការ ផ្សព្វផ្សាយប្រជាពលរដ្ឋ ឱ្យមកលេងនៅផ្លូវថ្មើរជើងនេះ បានកាន់តែច្រើនថែមទៀត បើទោះបីពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ផ្លូវថ្មើរជើងនេះ ទទួលបានប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរជាតិ អន្តរជាតិ កើនឡើងយ៉ាងណាក៏ដោយ។

ក្នុងឱកាសនោះលោក ឆាយ វីរៈ បានអរគុណ ចំពោះការកោតសរសើរ ពីក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះកិច្ចការងារដែលរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តកន្លងមក ។ ឯកឧត្ដមបានបន្តថា ការកោតសរសើរនេះ គឺជាការលើកទឹកចិត្តដ៏ធំធេង ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តអនុវត្តការងារកាន់តែល្អប្រសើរបន្ថែមទៀត។

យោងតាមរបាយការណ៍របស់ លោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងខែកុម្ភៈនេះ នៅរាជធានីភ្នំពេញ មានបទល្មើសព្រហ្មទណ្ឌ កើតឡេីង៤៨លើក/៣៨លើក កើនឡើង ១០លើក។ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បាន ៤៦ករណី ឃាត់ខ្លួន ៧០នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន បាន ១៥៥ករណី ឃាត់ខ្លួន ២៧៤នាក់។ បង្ក្រាបក្មេងទំនើងបាន ២៦ករណី ឃាត់ខ្លួន ៩៧នាក់។ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ បានចំនួន ៩ករណី ឃាត់ខ្លួន ៨៣នាក់។ចំណែកគ្រោះថ្នាក់អគ្គិភ័យវិញបានកើតមានឡើងចំនួន២១លើក/៨លើក ពោលគឺបានកើនឡើង ១៣លើក ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី ១៦លើក, កត្តាមនុស្សដុតឲ្យឆេះ ៣លើក, ប្រហែសភ្លើងទៀន-ធូប ១លើក និងរថយន្តជាប់ហ្វាំង ១លើក៕
