ព័ត៌មានជាតិ

ក្មេងស្រីរត់ចេញពីផ្ទះ ដោយសារខឹងម្តាយ ស្តីបន្ទោសរឿងមិនដែលចូលរៀន ត្រូវបានរកឃើញវិញហើយ

ភ្នំពេញ ៖ ក្មេងស្រីវ័យជំទង១៣ឆ្នាំដែលរត់ចេញពីផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលពេញសង្គមនោះ ដោយសារតែខឹងម្តាយស្តីបន្ទោស រឿងដែលមិនចូលរៀន ។

បន្ទាប់ពីមានការប្តឹង ពីសំណាក់ឪពុករបស់ក្មេងស្រី កាលពីម៉ោងជាង១រសៀលថ្ងៃ១១ មីនា នៅរសៀលថ្ងៃ១២ មីនានេះ ត្រូវបានសមត្ថកិច្ចរកឃើញ និងប្រគល់ជូនទៅក្រុមគ្រួសារវិញហើយ។

បើតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ក្មេងស្រីអាយុ១៣ឆ្នាំរត់ចេញពីផ្ទះមានឈ្មោះ រុណ ចន្ទរស្មី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨C2 វិទ្យាល័យបាក់ទូក រស់នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

របាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការអះអាងរបស់លោកស្រី សេក ស៊ុនណារី អាយុ៧២ឆ្នាំ ជនជាតិខ្មែរ ជាអាណាព្យាបាល របស់ក្មេងស្រីបានបញ្ជាក់ថា មូលហេតុចៅស្រី គាត់ចេញពីផ្ទះដោយសារខឹង នឹងម្ដាយស្ដីបន្ទោសឲ្យថា អត់ដែលចូលសាលារៀន ទើបចេញពីផ្ទះដោយបន្សល់ ទុកសំបុត្រ១សន្លឹក(មានខ្លឹមសារថា ម៉ែមិនបាច់ដើររកខ្ញុំទេ ខ្ញុំចេញពីផ្ទះហើយ ខ្ញុំហត់ពេកហើយ) ។

ជាមួយគ្នានេះ សមត្ថកិច្ចបានចុះដល់វិទ្យាល័យបាក់ទូក ដោយបានជួបអ្នកគ្រូប្រចាំថ្នាក់ ហើយអ្នកគ្រូប្រាប់ថា សិស្សឈ្មោះ រុណ ចន្ទរស្មី មិនដែលចូលរៀនទេ ហើយអវត្តមានជាញឹកញាប់ ទើបគាត់ផ្តល់ព័ត៌មានប្រាប់អាណាព្យាបាល ជាដំណឹង ៕

To Top