
ភ្នំពេញ ៖ លោក WU CHUANBING ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យពេញលេញ របស់ប្រជាជនចិន បានបើកផ្លូវអភិវឌ្ឍនយោបាយ ដែលនេះមានទម្រង់ប្លែកពីទម្រង់ របស់បណ្តាប្រទេសលោកខាងលិច ។
លោកអះអាងថា ពិភពលោកសព្វថ្ងៃនេះ កំពុងប្រឈមមុខនឹង «លទ្ធិប្រជាធិបតេយ្យងប់ងល់» និង«លទ្ធិប្រជាធិបតេយ្យហួសល្បឿនកំណត់» ក៏ដូចជា «ឱនភាពលទ្ធិប្រជាធិបតេយ្យ» និង «លទ្ធិប្រជាធិបតេយ្យធ្លាក់អាប់ពន្លឺរស្មី»។

ថ្លែងក្នុង កម្មវិធីបាឋកថាស្តីពី «កម្ពុជា-ចិន៖ ការភ្ជាប់បេះដូងតាមបណ្តោយផ្លូវសូត្រ» ឈ្វេងយល់ពីប្រជាធិបតេយ្យតាមបែបផែនចិន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក WU CHUANBING បានលើកឡើងថា ប្រទេសចិនតែងប្រកាន់ខ្ជាប់ជានិច្ច នូវការពង្រឹងកិច្ចផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមក រវាងភាគីនៃប្រទេសទាំងពីរ និងពង្រឹងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន នៃប្រជាជាតិទាំងពីរ កម្ពុជានិងចិន។
លោកបន្ថែមថា ការរៀបចំកម្មវិធីបាឋកថានេះ គឺសមស្របនឹងពេលវេលា ដោយខ្លឹមសារ នៃប្រធានបទ ផ្តោតលើដំណើរការលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនចិន។
លោក WU CHUANBING បានលើកឡើងថា មហាសន្និបាតសភាប្រជាជនទូទាំងប្រទេសចិន និងមហាសន្និបាតពិគ្រោះយោបល់ នយោបាយប្រជាជនចិន បានបញ្ចប់ដោយជោគជ័យ ដោយទាំងមហាសន្និបាតសភាប្រជាជន ទូទាំងប្រទេសចិន និង មហាសន្និបាតពិគ្រោះយោបល់ នយោបាយប្រជាជនចិន គឺជាទម្រង់សំខាន់ នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ ពេញលក្ខណៈរបស់ប្រជាជនចិន។

លោកបន្ថែមថា លទ្ធិប្រជាធិបតេយ្យពេញលេញ របស់ប្រជាជនចិន បានបើកផ្លូវអភិវឌ្ឍនយោបាយ ដែលនេះមានទម្រង់ប្លែកពីទម្រង់ របស់បណ្តាប្រទេសលោកខាងលិច។
លោក WU CHUANBING ឱ្យដឹងថា ទម្រង់ប្រជាធិបតេយ្យ តាមបែបផែនចិន ជាការបង្កើត ដ៏អស្ចារ្យរបស់បក្សកុម្មុយនិស្តចិន ក្នុងការបង្រួបបង្រួម និងដឹកនាំប្រជាជនឱ្យបន្ត អភិវឌ្ឍ និងអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលគ្របដណ្តប់លើ វិស័យជាច្រើនដូចជាសេដ្ឋកិច្ច នយោបាយវប្បធម៌ សង្គម និងបរិស្ថាន។ បន្ថែមពីលើនេះ គ្រប់ទិដ្ឋភាពនៃជីវិតសង្គមអាចឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជន និងស្តាប់សម្លេងរបស់ប្រជាជន ធានាថាបំណងប្រាថ្នា របស់ប្រជាជនត្រូវបានប្រែក្លាយទៅជា កម្លាំងចលករពិតប្រាកដ សម្រាប់ការអភិវឌ្ឍជាតិ និង ភាពជាម្ចាស់របស់ប្រជាជន ក្នុងកិច្ចការរបស់ខ្លួន គឺជាគោលបំណងរបស់លទ្ធិប្រជាធិបតេយ្យ តាមបែបផែនចិន ។

លោកបន្តថា ប្រទេសទាំងអស់មានសិទ្ធិជ្រើសរើសគំរូ ប្រព័ន្ធនយោបាយ ដែលសមស្របនឹងប្រទេសនានា គួរតែគោរពគ្នាទៅវិញទៅមក ស្វែងរកមូលដ្ឋានរួមគ្នា រក្សាភាពខុសគ្នា ផ្លាស់ប្តូរ និងរៀនពីគ្នាទៅវិញទៅមក ហើយរួមគ្នាពង្រឹង និងអភិវឌ្ឍអរិយធម៌នយោបាយ របស់មនុស្ស។ នៅពេលដែលពិភាក្សាអំពីស្ថានភាពប្រជាធិបតេយ្យ នៅក្នុងប្រទេសមួយ យើងត្រូវចាប់ផ្តើមពីស្ថានភាពជាក់ស្តែង នៃប្រទេសនោះ។
ប្រទេសទាំងអស់គួរតែ គោរពភាពចម្រុះ នៃអរិយធម៌ពិភពលោក និងគោរពសិទ្ធិរបស់ប្រទេសទាំងអស់ ក្នុងការជ្រើសរើសដោយឯករាជ្យ នូវផ្លូវឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ ។

ក្នុងនាមជាមិត្តដ៏រឹងមាំរបស់កម្ពុជា និងជាសហគមន៍ ដែលមានអនាគតរួមគ្នា សម្រាប់កម្ពុជា ចិននឹងបន្តគាំទ្រ ជាប់ជានិច្ចដល់ប្រជាជន កម្ពុជា ឈរលើឯករាជ្យម្ចាស់ការដោយខ្លួនឯង ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍ ដែលសមស្របនឹង លក្ខខណ្ឌជាតិ របស់ប្រជាជនកម្ពុជា ហើយប្រទេសចិន នឹងប្រឆាំងដាច់ខាត ចំពោះប្រទេសណាមួយ ដែលបំពានលើតម្លៃលទ្ធិប្រជាធិបតេយ្យ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃរដ្ឋអធិបតេយ្យភាពក្រោមលេស នៃការប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងពិភពលោក ។
លោក បន្ថែមថា ប្រទេសចិន និងកម្ពុជា គឺជាបងប្អូនដ៏ល្អ និងជាមិត្តល្អដែលជួយគ្នាទៅវិញទៅមក ជាពិសេសគឺការពង្រឹងចំណង នៃការយោគយល់គ្នា និងការជឿទុកចិត្តគ្នារវាងប្រជាជនទាំងពីរ។ យើងក៏សូមស្វាគមន៍មិត្តកម្ពុជាទាំងអស់ ដែលមានវត្តមាននៅទីនេះ ជាពិសេសសិស្សានុសិស្ស មកទស្សនាប្រទេសចិនឱ្យបានញឹកញាប់បន្ថែមទៀតនាពេលអនាគត ទទួលបានបទពិសោធន៍ពីប្រទេសចិន និងឈ្វេងយល់ដោយផ្ទា ល់ពីការអភិវឌ្ឍរបស់ប្រទេសចិន ហើយនិទានរឿង ពីប្រទេសចិន តាមទស្សនៈរបស់ពលរដ្ឋកម្ពុជា ដើម្បីរួមគ្នាសាបព្រួសគ្រាប់ពូជ នៃមិត្តភាពចិន-កម្ពុជា បង្រួមចម្ងាយរវាងបេះដូងប្រជាជនទាំងពីរ និងរួមគ្នារួមចំណែក ក្នុងការកសាងសហគមន៍ចិន-កម្ពុជាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ជាមួយនឹង អនាគតរួមគ្នា ក្នុងយុគសម័យថ្មី ៕
