
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន កាយរឹទិ្ធជាតិកម្ពុជា មានសមាជិក សរុប ១៨៥ ៣៥៦នាក់ បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធ និងការអប់រំ បែបកាយរឹទិ្ធកម្ម ដ៏មានប្រសិទ្ធភាព ។

ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង ជូននវកាយរឹទិ្ធរៀមច្បងជំនាន់ទី៧ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាថ្ងៃទី១២ មីនា នេះ លោក ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ ចំពោះពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង ជូននវកាយរឹទ្ធិរៀមច្បងនាថ្ងៃនេះ ដែលពិតជាបានឆ្លើយតប ទៅនឹងខ្លឹមសារកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើកទឹកចិត្តដល់យុវជនកម្ពុជា គ្រប់រូប ត្រូវចូលរួមអនុវត្តគម្រោង និងសកម្មភាពនានា ដើម្បីសម្រេចបាននូវគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព(SDGs) ។

លោក ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «បច្ចុប្បន្ន កាយរឹទិ្ធជាតិកម្ពុជា មានសមាជិកសរុប ១៨៥ ៣៥៦នាក់ ក្នុងនោះ កាយរឹទិ្ធប្អូន ១៩ ០១៦ នាក់ កាយរឹទិ្ធជំទង់ ១២៧ ៤៣១ នាក់ កាយរឹទិ្ធរៀមច្បង ២២ ៧៣៧ នាក់ មេដឹកនាំកាយរឹទិ្ធ ១៣ ៦៤៧ នាក់ និងសមាជិកកិត្តិយស ២ ៥២៥ នាក់ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុង កម្មវិធីអប់រំក្រៅប្រព័ន្ធ និងការអប់រំ បែបកាយរឹទិ្ធកម្មដ៏មានប្រសិទ្ធភាព ដែលបានគាំទ្រយ៉ាងពេញទំហឹង ដល់កម្មវិធីសិក្សាក្រៅម៉ោងបន្ថែម នៅក្នុងស្តង់ដាសាសារៀនគំរូ»។
សូមបញ្ជាក់ថា បេសកកម្មរបស់កាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត ស្របតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកកម្ពស់គុណភាពអប់រំ ផ្តោតលើការពង្រឹងគុណភាព សាលារៀនរដ្ឋ ដោយកែប្រែទៅជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ការអប់រំបែបកាយរឹទិ្ធកម្ម ត្រូវដាក់បញ្ចូលទៅក្នុង សកម្មភាព ក្រៅម៉ោងសិក្សា ក្នុងការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្ស នៅតាមសាលារៀនគំរូ។

ការរៀបចំ “ក្លឹបកាយរឹទិ្ធ” និង “រចនាសម្ព័ន្ធកងល្បាត” នៅតាមគ្រឹះស្ថានសិក្សា ចាប់ពីកម្រិតបឋមសិក្សា រហូតដល់កម្រិតឧត្តមសិក្សា គឺពិតជាបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាល ការអភិវឌ្ឍបុគ្គលិកលក្ខណៈពេញលេញ និងបំណិនសតវត្សរ៍ទី២១ដល់យុវជននិងកុមារ ដើម្បីប្រែក្លាយពួកគេទៅជា ពលរដ្ឋល្អ ជាពលរដ្ឋសកល និងមានស្មារតីស្រឡាញ់ជាតិ ការពារមាតុភូមិ និងការអភិវឌ្ឍសង្គមកម្ពុជា៕
