ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស សុខា សម្តែងការហួសចិត្ត ចំពោះពន្ធនាគារខ្លះ មានការជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងការហួសចិត្ត ខណៈពន្ធនាគារខ្លះមានការជួយដូរគ្រឿងញៀន ហើយករណីនេះគឺភាគច្រើនជាជនបរទេស ដូច្នេះក្រសួង នឹងធ្វើពន្ធនាគារដាច់ ដោយឡែកមួយ សម្រាប់ដាក់អ្នកញៀន គ្រឿងញៀនផងដែរ នាពេលខាងមុខនេះ។

ក្នុងពិធីផ្សព្វផ្សាយ «ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០» នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ លោក ស សុខា បានបញ្ជាក់ថា«យើងបានណែនាំរួចហើយក្នុងសន្និបាតក្រសួង គឺធ្វើម៉េចយើងសហការជាមួយពន្ធធនាគារ ពីព្រោះឥឡូវ នេះការបញ្ជាទិញ ហើយថ្មីៗនេះចុងក្រោយនៅ (ម១) ក៏មានការបញ្ជាទិញពីក្រៅយកទៅដល់ក្នុងដែរ ហើយមិនមែនជាខ្មែរទៅទៀត។ អញ្ចឹងហើយខ្ញុំគិតថា ពន្ធនាគារខ្លួនឯងត្រូវតែពង្រឹងលើកិច្ចការនេះ ហើយ សូមឲ្យទទួលខុសត្រូវពេលចុះហើយឃើញ»។

លោកឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា «ជាពិសេសនៅក្នុងពន្ធនាគារនេះគឺជាសម្បុក ជាកន្លែងជួញដូរ(គ្រឿងញៀន)ដ៏ស្របច្បាប់។ អញ្ចឹងហើយកាល ពីប្រជុំជាមួយឯកឧត្តមអគ្គខ្ញុំក៏បានលើកឡើងផងដែរ គឺយើងគិតគួររួចទៅហើយក្នុងការរៀបចំពន្ធនាគារ ដោយឡែកដាក់តែអ្នកញៀនសុទ្ធ»។

បើតាម លោកឧបនាយករដ្ឋមន្រ្តី បានបង្ហើបថា សព្វថ្ងៃអ្នកជាប់ពន្ធនាគារណែន ណាន់តាន់តាប់ ដែលរហូតដល់ម៉ោងនេះគឺមាន៥៥០០០នាក់ជាងហើយ ដោយក្នុងនោះពីជាង៣០ទៅ ៤០ភាគរយគឺជាប់ពាក់ព័ន្ធគ្រឿងញៀន។

យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យមន្ត្រី និងកងកម្លាំងទាំងអស់ មិនត្រូវធ្វើជាខ្នងបង្អែកឧក្រិដ្ឋគ្រឿងញៀន ជាដាច់ខាត ប្រសិនបើមានការពាក់ព័ន្ធ និងស្រាវជ្រាវរកឃើញនោះ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត និងលុបឈ្មោះចេញក្របខ័ណ្ឌ ស្របគោលការណ៍ (កាត់សាច់ស្អុយនោះចោល)។ មួយវិញទៀត លោក ក៏បានដាស់តឿនដល់មន្រ្តីពន្ធនាគារទូទាំងប្រទេស ត្រូវត្រួតពិនិត្យឡើងវិញ ចំពោះការបើកដៃឲ្យមានការជួញដូរគ្រឿងញៀន និងប្រព្រឹត្តិសកម្មភាពផ្សេងដែលផ្ទុយពីច្បាប់កំណត់នោះ។

សូមរំលឹកថា លទ្ធផល នៃកិច្ចប្រតិបត្តិការបង្រ្កាបបង្ហាញថា បទល្មើសគ្រឿងញៀនពុំមានការថមថយនោះទេ បើធៀបនឹងឆ្នាំ២០២៣។ នៅឆ្នាំ២០២៤ ចំនួនករណីគ្រឿងញៀន ដែល បង្ក្រាបបានកើន៣១,៨៤% និងគ្រឿងញៀនចាប់យក កើន៣៩៩% ក្នុងនោះសមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១០.៦៣០ករណី កើនឡើង ២.៥៦៧ករណី ស្មើរ ៣១,៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ឃាត់ខ្លួនជន សង្ស័យចំនួន២៧.០៧១នាក់ កើន ៣៥,៥៣% , គ្រឿងញៀនចាប់យក ១៤តោន ៩០៩គីឡូក្រាម កើនឡើង ១១ តោន ៩២០ គ.ក្រ ស្មើរ ៣៩៨,៨២% (កើន៤ដង បើធៀបឆ្នាំ២០២៣)។ ដោយឡែកសារធាតុគីមីផ្សំរឹបអូសបានចំនួន ៣៥៤ គីឡូក្រាម ថយចុះ ១តោន ១១៥ គ.ក្រ ថយចុះ ៧៦%បើធៀបនឹងឆ្នាំ២០២៣៕

To Top