
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ដើម្បីអភិវឌ្ឍវិស័យអប់រំ និងបញ្ញាសិប្បនិម្មិត (AI) ឱ្យមានប្រសិទ្ធភាព គ្រូបង្រៀនដែលចេញថ្មី ត្រូវតែមានសមត្ថភាព ឌីជីថល ដូចជាការបង្កើតខ្លឹមសារ មេរៀនឱ្យមានភាពទាក់ទាញ និងគុណភាព ក្នុងរយៈពេលខ្លីជាដើម ។

ការបញ្ជាក់របស់រដ្ឋមន្ត្រីអប់រំ ធ្វើឡើងនាថ្ងៃទី១២ មីនា ក្នុងជំនួបពិភាក្សាការងារ ក្របខ័ណ្ឌសមត្ថភាពបញ្ញាសិប្បនិម្មិត ក្នុងវិស័យអប់រំ ជាមួយលោក Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំប្រទេសកម្ពុជា ។

ក្នុងឱកាសនេះ លោក Sardar Umar Alam បានបង្ហាញពីចំណាប់អារម្មណ៍ របស់អង្គការយូណេស្កូ ក្នុងការបន្តកិច្ច សហប្រតិបត្តិការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា និងប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ក្នុងវិស័យអប់រំ ព្រមទាំងបានលើកឡើងពីសក្តានុពលរបស់អង្គការយូណេស្កូ ដើម្បីជួយគាំទ្រវិស័យអប់រំលើចក្ខុវិស័យនេះ ក្នុងគោលដៅឱ្យគ្រូបង្រៀន និងសិស្សានុសិស្សសតវត្សទី២១ មានជំនាញ និងសមត្ថភាព ឌីជីថលពេញលេញ ជាពិសេសអាចប្រើប្រាស់បច្ចេកវិទ្យា និង(AI) ឱ្យស្របតាមសីលធម៌ នៃការប្រើប្រាស់ និងបង្កើនប្រសិទ្ធភាពក្នុងវិស័យអប់រំ សម្រាប់យុគសម័យឌីជីថលនេះ ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះចក្ខុវិស័យ របស់អង្គការ ក្នុងការបន្តកិច្ចសហការ ជាមួយក្រសួងអប់រំ លើការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត(AI) ក្នុងការរៀន និងបង្រៀន ដើម្បីពង្រឹង គុណភាពអប់រំ ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីចក្ខុវិស័យរបស់ក្រសួងអប់រំ ដែលបានប្រើប្រាស់(AI) ដើម្បីលើកកម្ពស់វិស័យអប់រំ ដូចជា ការបណ្តុះបណ្តាលគ្រូ ដោយប្រើប្រាស់ AI ជួយគាំទ្រដល់ កញ្ចប់គណិតដំបូង អំណានដំបូង, បង្រៀនសិស្សឱ្យចេះគិត និងចេញស្រមើលស្រមៃ, ពង្រឹងអក្ខរកម្មឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យា, បង្កើតមាតិកា និងខ្លឹមសារមេរៀន ក៏ដូចជាពង្រឹងការ អនុវត្តមុខវិជ្ជាថ្នាក់វិទ្យាសាស្ត្រ (STEM) ឱ្យកាន់មានភាពទូលំ ទូលាយជាដើម។

ជាមួយនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់អង្គការយូណេស្កូ ឱ្យជួយគាំទ្រ និងចាប់ផ្តើមពង្រឹង ពីចំណុចមួយចំនួនក្នុងវិស័យអប់រំ ដូចជាការបង្កើត និងត្រៀមរៀបចំ បណ្ណាល័យឌីជីថល, ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់តេស្ត (PISA)បន្ថែម ជាពិសេសសិក្សាពីតំបន់ ក៏ដូចជាកំណត់ក្របខ័ណ្ឌ ឱ្យបានច្បាស់លាស់ ដែលចាប់ផ្តើមពីការប្រើប្រាស់(AI) ដើម្បីជួយគាំទ្រលើការបណ្តុះបណ្តាលគ្រូបង្រៀននៅប្រទេសកម្ពុជា ដោយបានបញ្ជាក់ថា «ដើម្បីអភិវឌ្ឍវិស័យអប់រំ និងបញ្ញាសិប្បនិម្មិត (AI) ឱ្យមានប្រសិទ្ធភាព គ្រូបង្រៀនដែលចេញថ្មី ត្រូវតែមានសមត្ថភាព ឌីជីថល ដូចជាការបង្កើតខ្លឹមសារមេរៀនឱ្យមានភាពទាក់ទាញ និងគុណភាពក្នុងរយៈពេលខ្លីជាដើម» ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់អង្គការយូណេស្កូ ដែលបានជួយគាំទ្រ លើវិស័យអប់រំនាពេលកន្លងមក ជាពិសេសចំពោះការគាំទ្រលើការប្រើប្រាស់ (AI) ក្នុងវិស័យអប់រំនាពេលបច្ចុប្បន្ននេះ ដើម្បីឆ្លើយតបនឹងយុគសម័យឌីជីថល ។ បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់ ក្នុងការចាប់យកប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) លើការរៀន និងបង្រៀន ជាពិសេសនៅក្នុងកម្មវិធីសិក្សា និងមុខជំនាញនានា ដោយបានលើកឡើងថា (AI) នឹងធ្វើឱ្យពិភពលោកមានការប្រែប្រួល ជាពិសេសលើវិស័យអប់រំផ្ទាល់ ដូចនេះវិស័យអប់រំ ត្រូវតែត្រៀមខ្លួនរួចរាល់ ចំពោះការផ្លាស់ប្តូរដ៏ធំនេះ ៕
