ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកស្នួល ខេត្តក្រចេះ កំពុងស្រាវជ្រាវ រកជនជាតិចិន៤នាក់ ចាប់បង្ខាំងបុគ្គលិកខ្មែរ បម្រើការនៅកាស៊ីណូ Gold City

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលស្រុកស្នួល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បាននិងកំពុងធ្វើការស្រាវជ្រាវ រកជនជាតិចិនចំនួន៤នាក់ ដែលបានចាប់បង្ខាំង បុគ្គលិកខ្មែរ បម្រើការងារនៅកាស៊ីណូ Gold City ជាប់ច្រកទ្វាអន្តរជាតិ ត្របាំងស្រែ ស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃ១០ មីនា ។

យោងតាមសេចក្តីបំភ្លឺរបស់អធិការដ្ឋាននគរបាលស្រុកស្នួល កាលពីថ្ងៃ១២ មីនា បានឲ្យដឹងថា ការស្រាយបំភ្លឺនេះ ក្រោយមានការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមពាក់ព័ន្ធទៅនឹងករណី “បុគ្គលិកខ្មែរ បម្រើការនៅកាស៊ីណូ Gold City ក្នុងស្រុកស្នួលខេត្តក្រចេះ ត្រូវជនជាតិចិនចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិត ទារប្រាក់១៥០០០ដុល្លារ” ។

ចំពោះករណីនេះ អធិការដ្ឋាននគរបាលស្រុកស្នួល បញ្ជាក់បំភ្លឺថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានឈ្មោះ ខ.ស. បានប្តឹងរាយការណ៍មក សមត្ថកិច្ចជំនាញពាក់ព័ន្ធ ទៅនឹងករណីមានការចាប់បង្ខាំងមនុស្ស និងប្រើអំពើហិង្សា នៅចំណុចកាស៊ីណូ Gold City ។ ក្រោយពីទទួលបានព័ត៌មាននេះ អធិការដ្ឋាននគរបាល ស្រុកស្នួល ចុះធ្វើការស្រាវជ្រាវ បន្ទាន់ ដោយសហការជាមួយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងស្រែ ជាលទ្ធផលបានរកឃើញ ជនរងគ្រោះចំនួន៣នាក់ ដែលត្រូវបានមេការ ធ្វើការឃាត់ទុក។

តាមការឆ្លើយបំភ្លឺ របស់ជនរងគ្រោះទាំង៣នាក់ មុនពេលកើតហេតុនាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ពួកគេត្រូវបានឈ្មោះ ធ.ប. បបួលរៀបចំគម្រោង ធ្វើបៀឲ្យភ្ញៀវឈ្នះលុយពីខាងកាស៊ីណូ ហើយពេលភ្ញៀវលេងឈ្នះ ពួកគេនឹងទទួលបានលុយ ភាគរយពីភ្ញៀវ ពេលនោះពួកគេទាំង៣នាក់ ក៏បានយល់ព្រមសហការ។ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឈ្មោះ ធ.ប. ក៏បានធ្វើការចែកលុយ ដែលជាភាគរយដែលភ្ញៀវ បានឈ្នះពីកាស៊ីណូ មកឲ្យពួកគេទាំង៣នាក់ ដោយក្នុងម្នាក់ទទួល បានលុយចំនួន៨០០ដុល្លារ ហើយឈ្មោះ ធ.ប. បានធ្វើការគេចខ្លួនមិនឃើញមកធ្វើការ។

លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គម្រោងដែលខ្លួនបានរៀបចំ ត្រូវបានបែកធ្លាយព័ត៌មាន ដល់ខាងកាស៊ីណូ និងមានជនជាតិចិនចំនួន៤នាក់ ដែលជាមេការបានមកសួរនាំដល់បន្ទប់ជួល ដោយប្រើហិង្សា និងបាននាំពួកគេទាំង៣នាក់ មកឃាត់ទុកក្នុង បន្ទប់រដ្ឋបាលកាស៊ីណូ Gold City។

ចំពោះជនជាតិចិនទាំង៤នាក់ ដែលជាមេការបានគេចខ្លួនបាត់នោះ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្នួល បាននិងកំពុងស្រាវជ្រាវស្វែងរក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

To Top