ព័ត៌មានជាតិ

មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង ដឹកនាំសហការី ត្រួតពិនិត្យការងារ បង្កបង្កើនផល ផ្គត់ផ្គង់ផ្ទះបាយ សមូហភាព នៅទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ!

កំពង់ធំ: នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បានដឹកនាំសហការី ទៅត្រួតពិនិត្យសកម្មភាព ការងារបង្កបង្កើនផល ដាំដំណាំបន្លែបង្ការ របស់ការិយាល័យអភិវឌ្ឍន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ សម្រាប់ផ្គត់ផ្គង់ផ្ទះហូបបាយនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

លោកវរសេនីយ៍ទោ ហួន ប៊ុនចែម   នាយការិយាល័យអភិវឌ្ឍន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានរាយការណ៍បញ្ជាក់ថា ដោយអនុវត្ត តាមបទបញ្ជារបស់មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ការិយាល័យអភិវឌ្ឍន៍ មានភារកិច្ចដាំបន្លែបង្ការ និងចិញ្ចឹមសត្វ  ដើម្បីផ្គត់ផ្គង់ផ្ទះហូបបាយ សមូហភាពនៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ដោយកន្លងមក បានចិញ្ចឹមគោចំនួន២០ ក្បាល និងដាំបន្លែ​បង្ការផ្សេងៗ សម្រាប់ផ្គត់ផ្គង់ជូនផ្ទះបាយសមូហភាព នៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ឱ្យកាន់តែប្រសើរឡើង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះការិយាល័យអភិវឌ្ឍន៍ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការចិញ្ចឹមសត្វ និងបាន​ដាំបន្លែបង្ការផ្សេងៗផ្គត់ផ្គង់ផ្ទះហូបបាយ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង  និងបាន​ផ្ដល់ជូនផ្ទះហូបបាយរបស់កងទ័ព ដែលបានប្រមូលផ្ដុំហ្វឹកហ្វឺន​ នៅទី​បញ្ជាការ​កងវរសេនា តូចលេខ៤៤៨​ នាពេលកន្លងទៅ បានយ៉ាង​ល្អប្រសើរ ផងដែរ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចបន្ថែម ជូនការិយាល័យអភិវឌ្ឍ ត្រូវបន្តសកម្មភាពក្នុងការបង្កបង្កើនផល ដាំបន្លែបង្ការ និងចិញ្ចឹមសត្វ ដើម្បីផ្ដល់ជូនដល់ផ្ទះហូបបាយសមូហភាព និងសម្រាប់រៀបចំពិធីជប់លៀងផ្សេងៗ  ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ៕ ដោយសំនៀង

To Top