ព័ត៌មានជាតិ

លោក Feng Hui អ្នកគ្រប់គ្រងនៃវិទ្យុមិត្តភាពកម្ពុជាចិនធ្វើបាឋកថាស្តីពី ប្រទេសចិនក្នុងរដូវផ្ការីក ៖ ពិភពលោករួមគ្នាជាមួយប្រទេសចិនចែករំលែកកាលានុវត្តភាព ជូនដល់ភាគីពាក់ព័ន្ធប្រមាណ១០០នាក់

ភ្នំពេញ៖ នៅមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ការិយាល័យរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងវិទ្យុមិត្តភាពកម្ពុជាចិនបានរួមគ្នារៀបចំបាឋកថាស្តីពី ប្រទេសចិនក្នុងរដូវផ្ការីក៖ ពិភពលោករួមគ្នាជាមួយប្រទេសចិនចែករំលែកកាលានុវត្តភាព។

ភ្ញៀវកិត្តិសយដែល អញ្ជើញចូលរួមក្នុងពិធីនេះ មានសមាភាពមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា សមាគមមិត្តភាពកម្ពុជា-ចិន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិស្ស-និសិ្សតអាហារូបករណ៍ អ.ម.ត សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន និស្សិត ស្ថានទូតចិនប្រចាំកម្ពុជា វិទ្យុមិត្តភាពកម្ពុជា-ចិន ផ្ទះយុវជនកម្ពុជា-ចិន និងអង្គពិធីទាំងមូល សរុបចំនួន១០០នាក់។

នៅក្នុងឱកាសនោះ លោក Feng Huiអ្នកគ្រប់គ្រងនៃវិទ្យុមិត្តភាពកម្ពុជាចិនបានលើកឡើងថា នៅក្នុងរដូវផ្ការីក ដែលពោរពេញដោយក្តីសង្ឃឹមនេះ ពួកយើងសូមស្វាគមន៍ការបើកកិច្ចប្រជុំមហាសន្និបាតសភាទាំងពីរទូទាំងប្រទេសចិនដោយជោគជ័យ។

មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងជីវិតនយោបាយរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបង្អួចដ៏សំខាន់សម្រាប់ពិភពលោកសង្កេតមើលការអភិវឌ្ឍន៍របស់ប្រទេសចិនផងដែរ។ មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនឆ្នាំនេះ បានបញ្ជូនសញ្ញាច្បាស់លាស់និងរឹងមាំមួយទៅកាន់ពិភពលោកថា ការធ្វើទំនើបកម្មតាមបែបផែនចិន កំពុងបើកផ្លូវថ្មីមួយសម្រាប់ការរីកចម្រើននៃអរិយធម៌មនុស្សជាតិ ហើយឱកាសរបស់ប្រទេសចិនមុខជានឹងត្រូវបានចែករំលែកជាមួយពិភពលោកមិនខាន។

លោកលោក Feng Huiបន្តថា ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាមាគ៌ាទំនើបកម្មមួយដែលស្ថិតនៅលើទឹកដីចិន និងបន្តស្នងអរិយធម៌ចិន។ វាមិនមែនគ្រាន់តែជាការចម្លងទំនើបកម្មលោកខាងលិចទេ ប៉ុន្តែគឺជាការបង្កើតដ៏អស្ចារ្យដែលផ្អែកលើស្ថានភាពជាតិរបស់ប្រទេសចិន និងឆ្លុះបញ្ចាំងពីប្រាជ្ញារបស់ប្រទេសចិន។ មាគ៌ានេះប្រកាន់ខ្ជាប់នូវគំនិតយកប្រជាជនជាសំខាន់ ខិតខំឆ្ពោះទៅរកការអភិវឌ្ឍន៍ដែលមានការសម្របសម្រួលគ្នារវាងអរិយធម៌សម្ភារៈ និងអរិយធម៌ស្មារតី យកចិត្តទុកដាក់លើការរួមរស់នៅជាមួយគ្នាដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ព្រមទាំងប្តេជ្ញាចិត្តដើរលើមាគ៌ានៃការអភិវឌ្ឍប្រកបដោយសន្តិភាព។

លោកបន្ថែមថា ៖ « ការធ្វើទំនើបកម្មតាមបែបផែនចិនបានបង្កើតអច្ឆរិយៈនៃការអភិវឌ្ឍន៍ដ៏គួរឱ្យកត់សម្គាល់។ ប្រទេសចិនបានចំណាយពេលត្រឹមតែប៉ុន្មានទសវត្ស បានបញ្ចប់ដំណើរឧស្សាហូបនីយកម្ម ដែលប្រទេសអភិវឌ្ឍបានចំណាយពេលរាប់រយឆ្នាំ ហើយបានធ្វើឱ្យប្រជាជនជាង ១ពាន់៤រយលាននាក់ ចូលទៅក្នុងសង្គមទំនើប។ នៅក្នុងដំណើរនេះ ប្រទេសចិនមិនត្រឹមតែបានបង្កើតអច្ឆរិយៈនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថិរភាពសង្គមរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតទម្រង់ថ្មីនៃអរិយធម៌មនុស្សជាតិផងដែរ។
ការអភិវឌ្ឍរបស់ប្រទេសចិន បានបញ្ជាក់ ថា មាគ៌ាទំនើបកម្មមិនមានលក្ខណៈតែមួយដូចគ្នាទេហើយប្រទេសនីមួយៗសុទ្ធតែមានសិទ្ធិជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលសមស្របតាមស្ថានភាពរបស់ខ្លួន។»

លោកក៏បានបញ្ជាក់ថា ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចឃ្លាតឆ្ងាយពីពិភពលោកបានទេ ហើយវិបុលភាពនៃពិភពលោកក៏ត្រូវការប្រទេសចិនផងដែរ។ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគំនិត“សហគមន៍រួមវាសនានៃមនុស្សជាតិ” និងប្រកាន់ខ្ជាប់គោលនយោបាយជាតិជាមូលដ្ឋាននៃការបើកចំហចំពោះបរទេស។ ពីគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់ និងផ្លូវ” រហូតដល់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ពីពិព័រណ៍នាំចូលចិន រហូតដល់ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិន ប្រទេសចិនតែងតែឱបពិភពលោកដោយអាកប្បកិរិយាបើកចំហ និងផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិដោយភាពស្មោះត្រង់នៃកិច្ចសហប្រតិបត្តិការ។ ការធ្វើទំនើបកម្មតាមបែបផែនចិនមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជម្រើសថ្មីសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន និងរួមចំណែកជាប្រាជ្ញារបស់ប្រទេសចិន និងដំណោះស្រាយរបស់ប្រទេសចិនសម្រាប់ការរីកចម្រើនរបស់មនុស្សជាតិ។ យើងក៏នឹងធ្វើការរួមគ្នាជាមួយប្រទេសកម្ពុជាដែលជា”មិត្តដែកថែប” ដើម្បីត្រួសត្រាយអនាគតឱ្យកាន់តែប្រសើរឡើង!

សិស្សនិស្សិតកម្ពុជា ដែលបានចូលរួមស្តាប់បាឋកថាស្តីពី ប្រទេសចិនក្នុងរដូវផ្ការីក៖ ពិភពលោករួមគ្នាជាមួយប្រទេសចិនចែករំលែកកាលានុវត្តភាពនេះ បានបង្ហាញការគាំទ្រ ព្រោះបានទទួលចំណេះដឹងថ្មីៗសម្រាប់ជាទុនក្នុងការសិក្សាស្រាវជ្រាវពីប្រទេសចិន។ ជាមួយគ្នានេះ ក្រុមយុវជនបានស្នើឱ្យមានការរៀបចំការចែករំលែកបទពិសោធន៍បែបនេះ ឱ្យបានច្រើនថែមទៀតដើម្បីនិស្សិតបានយល់ដឹងកាន់តែស៊ីជម្រៅពីមិត្តចិន ជាពិសេសកិច្ចសហប្រតិបត្តិការរវាងវាងកម្ពុជា និងចិនទាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននេះ៕

To Top