ភ្នំពេញ ៖ ក្រុមការងារអន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួងទេសចរណ៍) រួមជាមួយ អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះដកបង្គោលព្រំដី បញ្ចប់គម្រោងវិនិយោគ របស់ក្រុមហ៊ុន៤ បន្ទាប់ពីអនុវត្តតាមបទបញ្ជា សម្ដេច នាយករដ្ឋមន្ត្រី លុបចោលគម្រោងអភិវឌ្ឍន៍ តំបន់ទេសចរណ៍ភ្នំខ្នងផ្សារ។

តាមរយៈបណ្ដាញសង្គម នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជា របស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០២៥ ក្នុងការសម្រេចឱ្យលុបចោល គម្រោងអភិវឌ្ឍន៍ នៅលើតំបន់ទេសចរណ៍ ភ្នំខ្នងផ្សារ តាមរយ:ការដកមកវិញនៅដីដែលមានការបោះបង្គោលព្រំ ដើម្បីថែរក្សាឱ្យបាននូវស្ថានភាព ដើមនៃធម្មជាតិ សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់សហគមន៍ និងអ្នកទេសចរ ដោយមិនអនុញ្ញាត ឱ្យមានការវិនិយោគនៅលើភ្នំឡើយ។

អនុវត្តតាមអនុសាសន៍ ដ៏ម៉ឺងម៉ាត់នេះ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារ អន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួង ទេសចរណ៍) រួមជាមួយនឹងអាជ្ញាធរ ខេត្តកំពង់ស្ពឺ ព្រមទាំងប្រជា សហគមន៍តាំងបំពង់ បានចុះដកបង្គោល ព្រំដីក្នុងតំបន់ ភ្នំខ្នងផ្សារ ក្រោយពីមានការព្រមព្រៀង បញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងបួន ដោយប្រគល់ដីចំនួន ៤០ហិកតា ជូនដល់សហគមន៍តាំងបំពង់ ដើម្បីជាប្រភពចំណូលដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងបម្រើសេវាកម្មទេសចរណ៍ ។

ជាលទ្ធផល ក្រោយពីបានដកបង្គោលព្រំដី គឺបានផ្តល់នូវស្នាមញញឹម និងពោរពេញដោយក្តីអំណរសាទរ ក៏ដូចជាការថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ពីសំណាក់សហគមន៍ និងប្រជាពលរដ្ឋ ដែលជាអ្នកបម្រើសេវា កញ្ចប់ទេសចរណ៍ពឹងលើសម្រស់ធម្មជាតិដ៏ស្រស់ស្អាត នៃតំបន់ទេសចរណ៍ខ្នងផ្សារ ដែល សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងដោះស្រាយនូវទុក្ខកង្វល់ របស់ប្រជាសហគមន៍ ហើយសម្រេចឱ្យថែរក្សា នូវលក្ខណ:ធម្មជាតិដូចដែលកំពុងមានស្រាប់ និងជាភាពទាក់ទាញសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ៕




