ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើក្រសួងធម្មការ បន្តសហការជាមួយ គណៈសង្ឃទាំងពីរគណៈ ដើម្បីរក្សាសុខដុមនីយកម្ម និងវឌ្ឍនភាពសង្គម តាមរយៈសកម្មភាពសាសនានានា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការជាមួយគណៈសង្ឃទាំងពីរគណៈ ដើម្បីរក្សាសុខដុមនីយកម្ម សាមគ្គីភាព និងវឌ្ឍនភាពសង្គម តាមរយៈសកម្មភាពសាសនានានា។

នាឱកាសអញ្ជើញជាអធិបតី ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមទទូចឲ្យសម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ព្រះមេត្តាបន្តជួយដល់សង្គមលើការលើកកម្ពស់ គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ របស់ជាតិ តាមរយៈ ការសម្តែងធម្មទេសនា នៅគ្រប់ទីកន្លែង និងការផ្សព្វផ្សាយ តាមបណ្តាញសង្គម ផ្សេងៗ ដើម្បីជួយធ្វើឱ្យប្រជាជនមាននូវបញ្ញាស្មារតី ប្រកបដោយ ព្រហ្មវិហារធម៌ កាត់បន្ថយអំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងជួយឱ្យ សង្គមជាតិ មានសុខដុមរមនា និងពង្រឹងសាមគ្គីធម៌។

សម្តេចបវរធិបតី មានប្រសាសន៍ថា «សូមឲ្យក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការជាមួយគណៈសង្ឃទាំងពីរគណៈ ដើម្បីរក្សាសុខដុមនីយកម្ម សាមគ្គីភាព និងវឌ្ឍនភាពសង្គម តាមរយៈសកម្មភាពសាសនានានា។ ក្នុងនោះ, ក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីដាក់ចេញជាសកម្មភាព ក្នុងការលើកកម្ពស់សាសនា របស់រដ្ឋ និងសីលធម៌សង្គម, ជាពិសេស ការផលិតវីឌីអូខ្លី ស្តីពីការអប់រំ សីលធម៌ ចរិយាធម៌ និងពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយតាមបណ្តាស្ថានីយ៍ ទូរទស្សន៍ រដ្ឋ និងឯកជន បណ្តាញសង្គម និងផ្ទាំងប៉ាណូ តាមទីសាធារណៈ»។

លើសពីនេះ សម្តេចបវរធិបតី ណែនាំឲ្យក្រសួង ធម្មការ និងសាសនា គួរពិចារណា ក្នុងការដាក់បញ្ចូលកម្មវិធី ប្រតិបត្តិសមាធិក្នុងកម្មវិធីសិក្សារបស់ ពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាង- ឱ្យបានមូលធនមនុស្ស, មានទាំងសុខភាពផ្លូវកាយ, សុខភាពផ្លូវចិត្ត, បញ្ញាស្មារតី និងការទទួលខុសត្រូវ ក្នុងការរស់នៅក្នុងសង្គម។

ជាងនេះទៅទៀត សម្តេចបវរធិបតី ក៏បានណែនាំឲ្យក្រសួងធម្មការ និងសាសនា ត្រូវសហការជាមួយ គណៈសង្ឃទាំងពីរគណៈ ក្នុងការរៀបចំបណ្តុះបណ្តាលតួនាទីភារកិច្ចដល់ព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត, ជាពិសេសប្រព័ន្ធសង្ឃាភិបាល ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងពីតួនាទី និងភារកិច្ច ដល់ព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត ស្របតាមបទដ្ឋានគតិយុត្ត ដើម្បីបង្ការទប់ស្កាត់ និងកាត់បន្ថយឱ្យបាននូវអធិករណ៍ តាម វត្តអារាម។

សម្ដេច នាយករដ្ឋមន្ដ្រី បានលើកទឹកចិត្ត ឲ្យក្រសួងធម្មការ និងសាសនា បន្តសហការសាមគ្គីគ្នា និងមានទំនាក់ទំនងល្អ ជាមួយសហគមន៍ សាសនាដទៃទៀត,ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍ សុខដុមនីយកម្មជាតិ សាសន៍។ ទន្ទឹមនេះ, មន្ទីរធម្មការ និងសាសនាខេត្ត-ក្រុង ត្រូវបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ តាមរយៈកិច្ចសហការជិត ស្និទ្ធជាមួយថ្នាក់ដឹកនាំ និងគណៈកម្មការវត្តអារាម ព្រមទាំងអាជ្ញាធរមាន សមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់៕

To Top