ព័ត៌មានជាតិ

កម្លាំងជំនាញចម្រុះ រឹបអូសនិងដុតបំផ្លាញ (ទឹកដោះគោ Dutch Mill ) ៩១កេស នៅទីលានចាក់សំរាម!

កំពង់ធំ : ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង នគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ចំនួន០៨នាក់ ចូលរួមសហការជាមួយការិយាល័យ (ក ប ប) ក្រោមការដឹកនាំសម្របសម្រួល និងបញ្ជាផ្ទាល់ពីលោក សាយ វាសនា ព្រះរាជអាជ្ញាររង នៃអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ អនុវត្តតាមដីការសម្រេច រឹបអូសវត្ថុតាងខូចគុណភាព លេខ ៨៨ អ.ក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្ត សម្រេចដុតបំផ្លាញចោលនូវផលិតផលខូចគុណភាព (ទឹកដោះគោ Dutch Mill ) សរុបចំនួន៩១កេស ស្មើនឹង៣៨១៥ដប នៅទីលានចាក់សំរាម ចំណុចវាលវង្ស ស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពុងស្វាយ ខេត្តកំពុងធំ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានលើកឡើងថា ផលិតផលដែលខូចគុណភាព លក់នៅលើទីផ្សារ ដែលជាចំណីអាហារពេញនិយមរបស់កុមារ ប្រសិនបើមិនបានចុះពិនិត្យ ឱ្យត្រឹមត្រូវទេ នោះមនុស្សទូទៅយកទៅបរិភោគប៉ះពាល់ដល់សុខភាព និងបាត់បង់អាយុជីវិតមនុស្សផងដែរ ។ ក្នុងការចូលរួមចំណែកទប់ស្កាត់ ការលក់ផលិតផល ដែលខូចគុណភាពនេះនៅតាមទីផ្សារ សូមបងប្អូនប្រជាពលរដ្ឋ មុននឹងទទួលទាន បរិភោគ ត្រូវពិនិត្យកាលបរិច្ឆេទ ថ្ងៃកំណត់ឱ្យបានត្រឹមត្រូវ ចៀសវាងបរិភោគទៅប៉ះពាល់ដល់សុខភាព  ហើយក្រុមកម្លាំងជំនាញចុះបង្ក្រាប និងដុតបំផ្លាញចោល នូវផលិតផលដែលខូចគុណភាព ។

លោក សាយ វាសនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កំពង់ធំ បានដឹកនាំសម្របសម្រួលក្រុមកាងារ ដោយផ្ទាល់ ដើម្បីធ្វើការដុតបំផ្លាញ ចោលទាំងស្រុង នៅវត្ថុតាងដែលជាផលិតផលខូចគុណភាព(ទឹកដោះគោ Dutch Mill ) សរុបចំនួន៩១កេស ស្មើនឹង៣៨១៥ដប ដែលបានធ្វើការបង្រ្កាបបាននេះ គឺ ដើម្បីសុវត្ថិភាពចំណីអាហារ សុខមាលភាព សាធារណ: និងសុខភាពប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផងដែរ ៕ ដោយសំនៀង

To Top